យុវជនជាង ២០០នាក់នឹងចូលរួមកីឡាដើម្បីទេសចរណ៍នៃសហគមន៍តាំងយូភ្នំត្បែងមានជ័យ
(ខេត្តព្រះវិហារ )៖ កម្មវិធីរត់ឡើងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ដែលរៀបចំដោយក្រុមអ្នកដើរព្រៃកម្ពុជា នឹងដំណើរការប្រកួតជាផ្លូវការនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ ស្អែកនេះ មានយុវជនចូលរួមជាង២០០នាក់ មកពីរាជធានីភ្នំពេញ កំពង់ធំ សៀមរាប បន្ទាយមានជ័យនិងបាត់ដំបង។ នេះបើយោងតាមការបញ្ជាក់ ពី លោក យា ប៊ែន យ៉ាមីន ប្រធានក្រុមអ្នកដើរព្រៃកម្ពុជា ។

ប្រធានក្រុមអ្នកដើរព្រៃកម្ពុជាខាងលើ បានបញ្ជាក់ថា កម្មវិធីនេះបានរៀបចំឡើង ក្នុងគោល បំណងចង់ឲ្យអ្នកទេសចរណ៍ជាតិស្គាល់ភ្នំត្បែងមានជ័យឲ្យបានច្រើន ដ្បិតតំបន់ទេសចរណ៍ មួយនេះ គេពុំសូវស្គាល់ច្រើន និងស្គាល់តែខេត្តគោល គឺខេត្តព្រះវិហារមួយប៉ុណ្ណោះ ខណៈដែល តំបន់ទេសចរណ៍ភ្នំត្បែង មានជ័យពោពេញដោយ សក្កានុពលទេសចរណ៍ និងទេសភាព ស្រស់ស្អាត មានទឹកជ្រោះសម្រាប់ងូតកំសាន្តជាច្រើនកន្លែង។

លោក យា ប៊ែន យ៉ាមីន ឲ្យបានដឹងទៀតថា សម្រាប់កម្មវិធីរត់ យុវជនទាំងអស់ត្រូវស្ពាយអីវ៉ាន់ ឡើងចម្ងាយផ្លូវ៦គីឡូម៉ែត្រ ក្នុងនោះត្រូវរត់ឡើងពីសហគមន៍តាំងយូខាងក្រោមដល់តាំងយូ លើឡើងជណ្តើរ៨០០ម៉ែត្រ និងរត់លើផ្ទៃរៀបនៅខាងលើចម្ងាយ៤២០០ម៉ែត្រ សរុបថេរៈវេលាប្រមាណជាង២ម៉ោង និងបោះតង់សម្រាកតែម្តង។

ប្រធានរៀបចំកម្មវិធីរូបនេះ បានគូសបញ្ជាក់ទៀតថា កម្មវិធីរត់ឡើងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍នៅក្នុងស្រុក ដើម្បីបំផុសផ្សព្វផ្សាយដល់ភ្ញៀវទេសជាតិនិងអន្តរជាតិមកកំសាន្ត នាំចំណូលចូលសហគមន៍ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋរនៅក្នុងសហគមន៍មានជីវភាពប្រសើរឡើង ពិសេស គឺផ្តល់នូវធនធានមនុស្សជួយកែប្រែអភិវឌ្ឍតំបន់អេកូទេសចរណ៍កាន់តែមានសក្កានុពល។

លោក សង្ឈឹមជឿជាក់ថា តាមរយៈកម្មវិធីនេះ នឹងបំផុសផ្នត់គំនិតដល់យុវជនផ្សេងទៀត ចាប់ផ្តើមចេះបង្កើតកម្មវិធីជួយដល់សង្គមដូចជា ការបង្កើតកម្មកីឡា ការចូលរួមផ្សព្វផ្សាយទេសចរណ៍ និងបង្កើតកម្មវិធីសប្បុរសធម៍ជួយដល់សិស្សសាលា និងមន្ទីរពេទ្យ។

គួររញ្ជាក់ថា កម្មវិធីរត់ឡើងភ្នំត្បែងមានជ័យ ខេត្ត ព្រះវិហារ នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ សែ្អកនេះ មានយុវជនចូលរួមជាង២០០នាក់ ដោយរត់លើចម្ងាយផ្លូវចំនួន៦គីឡូម៉ែត្រ ដោយប្រថេរៈវេលាប្រមាណជាង២ម៉ោង ហើយ នៅក្នុងកម្មវិធីនេះ មានការបោះតង់សម្រាកមួយយប់ និងដំណើរកំសាន្តមួយចំនួននៅលើនោះដែរ៕
អត្ថបទៈ ជាវ ចន្ធូ រូបភាព : ងីម ឆៃហួត+ណារ៉ុងOB
