ប្រាក់ដុល្លារអាមេរិកងើបឡើងវិញក្រោយរងការប៉ះពាល់ដោយអតិផរណា ខណៈប្រាក់យ៉េនជប៉ុនបន្តធ្លាក់ចុះ

អាមេរិក៖ ប្រាក់ដុល្លារស្ទុះងើបឡើងវិញ ក្រោយពេលដែលវិនិយោគិនបានរួមចំណែកធ្វើឱ្យប្រសើរឡើងបន្តិចនៃកម្រិតអតិផរណា ខណៈប្រាក់យ៉េនរបស់ជប៉ុនបន្តដាំក្បាលចុះ។ ទោះយ៉ាងណា កម្រិតអតិផរណានេះនៅតែ លើសគោលដៅអតិផរណារបស់ទុនបម្រុងសហព័ន្ធ (ជាប្រព័ន្ធមួយនៃធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក) ចំនួន ២ភាគរយ ដដែល។

ប្រាក់ដុល្លារបានហក់ឡើងដល់កំពូល ក្នុងរយៈពេលប្រាំសប្តាហ៍បើធៀបទៅនឹងប្រាក់យ៉េន។ រហូតមកដល់ពេលនេះ ប្រាក់ដុល្លារបានកើនឡើង ១០.៤ភាគរយ បើធៀបនិងរូបិយប័ណ្ណជប៉ុន។ ជាមួយគ្នានេះលុយដុល្លាររបស់សហរដ្ឋអាមេរិកក៏កើនខ្ពស់ជាងប្រាក់អឺរ៉ូផងដែរ ដោយការផ្លាស់ប្តូរចុងក្រោយគឺកើនលើស ០.១ភាគរយ។ ការស្ទុះងើបឡើងវិញនៃប្រាក់ដុល្លារ ធៀបនិងប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានជំរុញឱ្យសន្ទស្សន៍ប្រាក់ដុល្លារផ្តើមឡើងថ្លៃវិញផងដែរ។

កាលពីខែមិថុនា កន្លងទៅប្រាក់ដុល្លារបានធ្លាក់ចុះ ដោយសារតែសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០.២ភាគរយ។ ការកើនឡើងនេះ បានធ្វើឱ្យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កើនពី ៣.០ភាគរយមកដល់ ៣.២ភាគរយ ក្នុងរយៈពេល ១២ ខែ។

ប្រធានធនាគារកណ្តាល San Francisco Federal លោកស្រី Mary Daly កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា វឌ្ឍនភាពបន្ថែមគឺជារឿងចាំបាច់ដើម្បីទប់ទល់នឹងអតិផរណា ទោះបីជាវាកំពុងដើរលើទិសដៅ ត្រឹមត្រូវក៏ដោយ។

លោកស្រីបានបន្តថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ខែកក្កដាល្អប្រសើរវិញ មិនមានន័យថា ធនាគារកណ្តាលអាចប្រកាសជ័យជម្នះលើអតិផរណាទេ និងបន្ថែមថាទីផ្សារការងារនៅមិនទាន់មានតុល្យភាពនៅឡើយ។

ទាក់ទិនទៅនឹង ការធ្លាក់ចុះនៃប្រាក់យ៉េន ក្រុមអ្នកវិភាគបានឱ្យដឹងថា មូលហេតុចម្បងគឺមកពីតម្លៃប្រេងឡើងថ្លៃដោយហេតុថាជប៉ុនគឺជាប្រទេសដែលនាំចូលប្រេងដ៏ធំបំផុតមួយក្នុងពិភពលោក។ ស្របពេលជាមួយគ្នានេះ ក្រុមវិនិយោគិនក៏កំពុងស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុនតាមដែលអាចធ្វើទៅបានដើម្បីឱ្យប្រាក់យ៉េនកើនឡើងវិញ៕ ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner