អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ ក្នុងខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់
ព្រះសីហនុ៖ គិតមកដល់ពេលនេះវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានតម្លៃ ២០លានដុល្លារអាមេរិក បានសាងសង់រួចរាល់១០០ភាគរយ។គម្រោងនេះនឹងចូលរួមលើកកម្ពស់បរិស្ថាន សោភណ្ឌភាព និងជីវៈចម្រុះនៅក្នុងសមុទ្រ។
ពិធីប្រគល់-ទទួលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន សម្រាប់ធ្វើការគ្រប់គ្រង់ និងថែទាំបន្ត។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងពិធីនោះ ឯកឧត្តម លី រស្មី បានលើកឡើងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ គឺមានសមត្ថភាពចម្រោះទឹកកខ្វក់បាន២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ។ការសាងសង់ គឺកើតចេញពីការសិក្សាស្រាវជ្រាវដោយស្នារដៃកូនខ្មែរដោយផ្ទាល់។ ឯកឧត្តមបន្តថា៖«ហើយយើងបានទិញឧបករណ៍ MABR ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់បរទេស មានប្រសិទ្ធភាពខ្ពស់ ក្នុងការដកយកសារធាតុពុលផ្សេងៗពីក្នុងទឹក ខណៈទឹកដែលប្រព្រឹត្តកម្មរួចមិនមានជាតិពុលដល់បរិស្ថាននិងជីវៈចម្រុះក្នុងសមុទ្រ។ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់»។
ជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលខេត្តទទួលបានស្របនឹងភូមិសាស្ត្រ កត្តាសេដ្ឋកិច្ច។
ខេត្តព្រះសីហនុ មានសក្តានុពល ដោយសារយើងមានឆ្នេរសមុទ្រ ជាជីវិតរបស់អ្នកក្រុងព្រះសីហនុ បើឆ្នេរយើងខូចដោយសារបរិស្ថាន វាមានផលប៉ះពាល់ដំណើរការសេដ្ឋកិច្ចសង្គម ហើយសមិទ្ធផលនេះវាបានរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរការអភិវឌ្ឍខេត្ត។

ឯកឧត្តមបានបញ្ជាក់ដែរថា រដ្ឋបាលខេត្តត្រូវការសាងសង់បណ្តាញគ្រប់គ្រងវេចខ្ចប់ទឹកកខ្វក់នៅតាមលំនៅឋានបន្តទៀត ខណៈនៅចុងឆ្នាំ២០២៣នេះ និងដើមឆ្នាំ២០២៤ រដ្ឋបាលខេត្ត ក៏បានតម្រង់ទិសកញ្ចប់ថវិកាខេត្តទៅរកការវេចខ្ចប់ទឹកកខ្វក់ ហើយអ្វីដែលសំខាន់នៅចុងឆ្នាំនេះ ខេត្តត្រូវធ្វើផែនទីវេចខ្ចប់ទឹកកខ្វក់នេះជាមុនសិន។
គួរជម្រាបថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្ថានីយនេះ គឺបានសាងសង់ឡើងដោយក្រុមហ៊ុន X.WATER TECHNOLOGY CO.,LTD។ ស្ថានីយទឹកកខ្វក់ទី៣នេះ គឺជាស្ថានីយដែលធំជាងគេនៅកម្ពុជា ដើម្បីបំរើផលប្រយោជន៍បរិស្ថាន ចូលរួមកាត់បន្ថយទឹកកខ្វក់ចូលទៅសមុទ្រ។

បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ក្នុងនោះមានដូចជា ស្ថានីយទី១ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងមួយថ្ងៃចំនួន ៥,២០០ម៉ែត្រគូប ស្ថានីយទី២ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៧,២០០ម៉ែត្រគូប និងស្ថានីយទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ៕ ដោយ៖ បូរពេជ្រហ្សាលីន