ក្រុមហ៊ុនធំៗចំនួន១១ កំពុងប្រកាសផ្តល់ឱកាសការងារជាង ៧០០កន្លែង ក្នុងមុខជំនាញផ្សេងៗគ្នា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បណ្តាក្រុមហ៊ុនធំៗចំនួន ១១ កំពុងផ្តល់ឱកាសការងារជាង៧០០កន្លែង ក្នុងមុខតំណែងផ្សេងៗគ្នាសម្រាប់បងប្អូនយុវជន សិស្ស/និស្សិត និងពលរដ្ឋដែលមានបំណងចង់ស្វែងរកការងារធ្វើ ខណៈអ្នកមកដាក់ពាក្យផ្ទាល់ប្រមាណ ៣០០នាក់ បានសម្ភាសន៍ជាប់ និងទទួលបានឱកាសការងារ។

ក្រោមកិច្ចសហការរវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងរៀបចំ «វេទិកាការងារ»នៅថ្ងៃទី១១ខែសីហានេះដោយផ្តល់ឱកាសការងារជាង៧០០កន្លែង។

នៅថ្ងៃនេះដែរ មានយុវជន សិស្ស/និស្សិតជាច្រើននាក់បានមកចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារនៅក្នុងកម្មវិធី “វេទិកាការងារ” នៅអគារ NEA ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់សាលា IFL រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរតាមរយៈវេទិកាការងារ មានយុវជន សិស្ស/និស្សិត ចំនួន ៤៩៩ នាក់ បានចូលរួមដាក់ពាក្យមកសម្ភាសន៍ផ្ទាល់កាលពីថ្ងៃទី ១០ ខែសីហា ដែលជាលទ្ធផល មានអ្នកសម្ភាសន៍ការងារជាប់ជិត៣០០ នាក់ ក្នុងនោះមានអ្នកជាប់ការងារបឋមចំនួន ២២៤នាក់ និងអ្នកជាប់ជាស្ថាពរចំនួន ២៥ នាក់។

កញ្ញា វឿន ស្រីម៉ី មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានជាប់ការងារនៅក្រុមហ៊ុន GFG មើលឃើញថា វេទិកាការងារនេះគឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់អ្នកមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារឱ្យបានជួបជាមួយនឹងនិយោជក។ កញ្ញាបន្ថែមថា៖«ខ្ញុំចង់រកការងារធ្វើ ខ្ញុំតែងតែមើលលើវេបសាយផ្សេង ហើយពេលដាក់ពាក្យទៀតសោតក៏មានការរង់ចាំយូរដែរ ទំរាំតែគេទូរសព្ទ (call)ហៅទៅសម្ភាសន៍ ហើយពេលខ្លះក៏អត់មានអ្នកតេហៅទៅសម្ភាសមានដែរ»។

ដូចគ្នានេះដែរយុវជន សិទ្ធិ សិរី ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលបានសម្ភាសន៍ជាប់ការងារនៅក្រុមហ៊ុន AEON Cambodia ផ្នែកចំណីអាហារយល់ឃើញថា វេទិកាការងាររបស់ NEA ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ដែលមិនទាន់មានការងារធ្វើ។ យុវ ដូច្នេះបើយុវជនសិស្សនិសិត្ស ដែលមានបំណងស្វែងរកការងារធ្វើអាចអញ្ជើញមកចូលរួមក្នុងវេទិកាការងារដែលបានរៀបចំឡើងដោយ NEA នេះ ជារៀងរាល់ខែបាន»។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនទាន់បានចូលរួមក្នុងវេទិកាការងារ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕ ដោយ៖ សុខ រក្សា

ads banner