ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដាក់សម្ពោធប្រើប្រាស់ (Video Inside)
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុតម្លៃ២០លានដុល្លារ បានដាក់សម្ពោធឱ្យប្រើប្រាស់ហើយ។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១០ សីហាថា ស្ថានីយ៍នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលខេត្តទទួលបានស្របនឹងភូមិសាស្ត្រ និងកត្តាសេដ្ឋកិច្ច ដែលធ្វើឱ្យខេត្តព្រះសីហនុកាន់តែមានសក្តានុពល ដោយសារខេត្តមានឆ្នេរសមុទ្រជាជីវិតរបស់អ្នកក្រុងព្រះសីហនុ។
ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ រួមមាន៖ ស្ថានីយទី១ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងមួយថ្ងៃចំនួន ៥ពាន់២០០ម៉ែត្រគូប, ស្ថានីយទី២ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៧ពាន់២០០ម៉ែត្រគូប និងស្ថានីយទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ គឺជាស្ថានីយ៍ដែលបន្សុទ្ធទឹកកខ្វក់និងទឹកស្អុយ ឱ្យក្លាយជាទឹកស្អាតស្របតាមស្ដង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។
អភិបាលខេត្តព្រះសីហនុបានថ្លែងបន្តទៀតថា៖ «បើឆ្នេរយើងខូចដោយសារបរិស្ថានវាមានផលប៉ះពាល់ដំណើរការសេដ្ឋកិច្ចសង្គម ហើយសមិទ្ធផលនេះវាបានរួមចំណែកយ៉ាងសំខាន់ សម្រាប់ដំណើរការអភិវឌ្ឍខេត្ត។»