អគារសម្ភព និងសង្គ្រោះទារកនៅពេទ្យគន្ធបុប្ផាទី៣ សម្រេចការសាងសង់៨០ភាគរយ (Video Inside)
អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ, សម្រាល និងសង្គ្រោះទារកនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទី៣ ស្ថិតក្នុងក្រុងសៀមរាប បានសម្រេចការសាងសង់ប្រមាណ៨០ភាគរយហើយ។
អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ឆាទី៣ លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បានថ្លែងថាអគារថ្មីតម្លៃ ៣លាន ២សែនដុល្លារនេះ ក្រោយការសាងសង់រួចរាល់ នឹងអាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុងនោះ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល ហើយក៏នឹងមានអគារបំពាក់សម្ភារៈសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។
លោកបញ្ជាក់ថាបច្ចុប្បន្ននេះ ក្នុងមន្ទីរពេទ្យដែលមានអគារសរុបជាង៣៣អគារនោះ គ្រែសម្រាកសម្រាប់ស្ត្រីទើបសម្រាល ទើបមានចំនួនសរុប ២៥០គ្រែតែប៉ុណ្ណោះ។
មន្ទីរពេទ្យគន្ធបុប្ឆា គឺជាមន្ទីរពេទ្យមានសមត្ថភាពទទួល ពិនិត្យជំងឺ កុមារចំនួនចន្លោះពី ១ពាន់ទៅ១៥០០នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០នាក់ ទៅ ៣៥០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកផ្នែកសម្ភពពិនិត្យស្ត្រីមានផ្ទៃពោះ នឹងមានចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ និងការសម្រាលទារកនឹងចំនួនចន្លោះពី ៦០ ទៅ៨០ នាក់ក្នុងមួយថ្ងៃផងដែរ។