សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការគ្នារៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣
ភ្នំពេញ៖សមាគមឧកញ៉ាកម្ពុជារៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ជាលើកដំបូងរបស់ខ្លួន ដើម្បីរឹតចំណងសាមគ្គីភាពរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានពាណិជ្ជកម្មនៃតំណាងស្ថានទូតនានាប្រចាំកម្ពុជា និងជាមួយវិស័យឯកជន។
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ ២០២៣ និងពិធីពិសាអាហារសាមគ្គីរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសណ្ឋាគារ ហ្គាឌិនស៊ីធី នាថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣នេះអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា វេទិកាធុរកិច្ចឆ្នាំ ២០២៣នេះ គឺជាវេទិកាលើកដំបូងគេនាត្រីមាសទី៣នៃឆ្នាំ ២០២៣ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការ “សមាគមឧកញ៉ាកម្ពុជា” កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមអំពីទស្សនវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា,ជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងចំណងសាមគ្គីភាពរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានពាណិជ្ជកម្មនៃតំណាងស្ថានទូតនានាប្រចាំកម្ពុជា និងជាមួយវិស័យឯកជនផងដែរ។
អ្នកឧកញ៉ា លី យ៉ុងផាត់ បានបង្ហាញពីការជឿជាក់យ៉ាងដូច្នេះថា៖« វេទិកាបែបនេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា ពីព្រោះសមាជិកសមាជិកានៃសមាគមទាំងអស់គឺជាអ្នកវិនិយោគក្នុងស្រុកដែលមានសក្តានុពលរួចស្រេចទៅហើយ។ ម្យ៉ាងទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកដឹកនាំបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា សន្តិភាព និងស្ថិរភាព នយោបាយត្រូវបានធានាយ៉ាងគត់មុតបំផុត នេះគឺជាអំណោយផលដ៏សំខាន់សម្រាប់ការវិនិយោគ។ បើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយទេ អង្គវេទិកាថ្ងៃនេះនឹងមិនអាចកើតមានបានឡើយ»។
ក្នុងឱកាសនោះដែរឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍គាំទ្រ និងជឿជាក់ថា សមាគមឧកញ៉ាកម្ពុជា នឹងអាចចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរួមគ្នា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការបន្តទាក់ទាញបន្ថែមនូវការបណ្ដាក់ទុនវិនិយោគពីក្រៅប្រទេស និងពង្រីកការវិនិយោគនៅក្នុងប្រទេសបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
សូមបញ្ជាក់ថា វេទិកានេះកើតឡើងក្រោមកិច្ចសហការរវាងសមាគមឧកញ៉ាកម្ពុជា ជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្ដីពី«ភាពជាដៃគូ ក្នុងការជំរុញនិងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕
ដោយ៖ វណ្ណ សុជាតា



