នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ពលរដ្ឋ៤នាក់បានស្លាប់ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ក្រើនរំឮកជាថ្មីដល់ប្រជាពលរដ្ឋ កុំបរិភោគសត្វល្អិត​ ឬរុក្ខជាតិ​ដែលមិនស្គាល់​ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុវជីវិត ។ការណែនាំបន្ទាប់ពីមានពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យចំនួនបួននាក់ បានបាត់បង់ជីវិតដោយសារបរិភោគសត្វកំភេមខ្មោច​និងសត្វស្រដៀងគ្នានេះ។

បន្ទាប់ពីមានពលរដ្ឋស្លាប់ជាបន្តបន្ទាប់ដោយសារបញ្ហាខាងលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី​១១ ខែសីហា ដោយក្រើនរំឮកពលរដ្ឋកុំឱ្យបរិភោគសត្វ ឬរុក្ខជាតិដែលមិនស្គាល់ ឬមិនបានដឹង។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា៖«ប្រជាពលរដ្ឋយើងបានស្លាប់ចំនួន៤នាក់ហើយនៅក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ​ ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នានេះ​ ដោយពុលនឹងជាតិ​ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ​ ។  ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យ​ ពងមាត់​ ក្អួតឈាម​  បាត់បង់ស្មារតី​ នោមឈាម​ និងខូចតម្រងនោម​និងបង្កឱ្យស្លាប់បាន»​ ។

គួរជម្រាបថា នៅឯខេត្តព្រះវិហារវិញ ប្តីប្រពន្ធមួយគូរស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត បានទទួលមរណភាពនាពេលថ្មីៗនេះ បន្ទាប់ពីពួកគាត់បានបរិភោគសត្វកំភេមខ្មោចចន្លោះពីបីទៅ​ប្រាំ ក្បាល។

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា៖«បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ ក្អួតចង្អោរ និងមានពងបែកក្នុងមាត់ ។ ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ»។
ក្នុងហេតុការណ៍នេះ ដោយស្ត្រីជាប្រពន្ធបានស្លាប់កាលពី ថ្ងៃទី ៥ ខែ សីហា និងបុរសជាប្ដីបានស្លាប់នៅថ្ងៃទី ៦ ខែ សីហា។

ប្រជាពលរដ្ឋដែលមានបញ្ហា ឬទទួលបានដំណឹងខាងលើ សូមទាក់ទងសាកសួរព័ត៌មាន​បន្ថែម​តាមរយៈ ​លេខ​ ១១៥៕

ដោយ៖ សុខ រក្សា

ads banner