ស៊ីម៉ាក់ និង អង្គការជំនួយរបស់ប្រជាជនន័រវែស ចុះហត្ថលខាលើកិច្ចសហប្រតិបត្តិការអនុវត្ត “គម្រោងបោសសម្អាតមីនមនុស្សធម៌” នៅកម្ពុជា
ភ្នំពេញ៖ឯកឧត្តម ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងលោក Rune Dale Andresen ប្រធានអង្គការជំនួយរបស់ប្រជាជនន័រវែស( NPA) ប្រចាំកម្ពុជានៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ បានចុះហត្ថលខាលើកិច្ចសហប្រតិបត្តិការអនុវត្តលើ “គម្រោងបោសសម្អាតមីនមនុស្សធម៌” នៅកម្ពុជាដោយមានហិរញ្ញប្បទានសរុបចំនួន ២,១លានដុល្លារអាមេរិក ។
ថ្លែងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅក្រោយពិធីចុះហត្ថកេខានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ដើម្បីគាំទ្រសអង្គការជំនួយរបស់ប្រជាជនន័រវែស (NPA) និងអង្គភាពស៊ីម៉ាក់ សហការគ្នាក្នុងកិច្ចប្រតិបត្តិការ។
លោកបន្តថា ដោយអង្គភាពស៊ីម៉ាក់ជាអ្នកអនុវត្តការងារបោសសម្អាតមីន ហើយគម្រោងនេះមានរយៈពេល១៦ខែ ដែលត្រូវបោសសម្អាតបញ្ហាគ្រាប់មីន ស្ថិតនៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ និងព្រះវិហារ ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល “ កម្ពុជាគ្មានមីន ឆ្នាំ២០២៥” ។
បើតាមឯកឧត្តម ហេង រតនា គម្រោងនេះក៏នឹងផ្តល់ការគាំទ្រដល់ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាការងារហ្វឹកហ្វឺនផងដែរ ។
យោងសេចក្ដីជូនដំណឹងរបស់អង្គភាពស៊ីម៉ាក់នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា គម្រោងនេះសម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហាឆ្នាំ២០២៤ ដែលអង្គភាពស៊ីម៉ាក់ អនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម។ ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន សម្រាប់បណ្តាខេត្តទិសពាយព្យរួមមាន គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
តាមរយៈគម្រោងនេះនឹងរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនសំដៅសម្រេចឱ្យខានតែបាន តាមគោលនយោបាយរាជរដ្ឋាភិបាល កម្ពុជាគ្មានមីនឆ្នាំ ២០២៥៕
ដោយ៖ គឹម យុត្ថារ៉ូ


