ប៉ាគីស្ថាន៖ អ្នកនយោបាយមិនសូវមានគេស្គាល់ នឹងក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ
អ៊ីស្លាម៉ាបាដ៖ សមាជិកព្រឹទ្ធសភាដែលគេស្គាល់តិចតួច នឹងក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ របស់ប្រទេសប៉ាគីស្ថាន រហូតដល់ការបោះឆ្នោត។

ទាំងនាយករដ្ឋមន្រ្តីប៉ាគីស្ថានបច្ចុប្បន្ន លោក សេបាស សារីហ្វ (Shehbaz Sharif) និងមេដឹកនាំប្រឆាំង លោក រ៉ាចា រីអាស់ (Raja Riaz) កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានឯកភាពគ្នាក្នុងការតែងតាំងលោក អានវ៉ា-អ៊ូលហាក់ កាការ (Anwaar-ul-Haq Kakar) សមាជិកព្រឹទ្ធសភាដែលគេស្គាល់តិចតួច ឱ្យធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ បណ្តោះអាសន្ន ដើម្បីមើលការខុសត្រូវលើដំណើរការបោះឆ្នោតសកល។

លោក កាការ គឺជាអ្នកនយោបាយមកពីរដ្ឋបាឡូឈីស្ថាន (Balochistan) ភាគនិរតីប្រទេស ដែលពុំសូវល្បីឈ្មោះឡើយ។ រូបលោកនឹងប្រកាសសមាសភាពគណៈរដ្ឋមន្រ្តី ហើយដឹកនាំរដ្ឋាភិបាលចាំផ្ទះមួយ ដើម្បីកាច់ចង្កូតប្រទេសឆ្លងកាត់វិបត្តិសេដ្ឋកិច្ចនិងនយោបាយ រហូតទាល់តែរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតសកល។

នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសប៉ាគីស្ថាន រដ្ឋាភិបាលចាំផ្ទះដែលអព្យាក្រឹតមួយ ទទួលបន្ទុកមើលការខុសត្រូវលើការបោះឆ្នោតសកល ដែលចាំបាច់ត្រូវតែធ្វើឡើងក្នុងរយៈពេល៩០ថ្ងៃ ក្រោយការរំលាយរដ្ឋសភា ខណៈក្នុងករណីពេលនេះ គឺមានន័យថាវាត្រូវរៀបចំធ្វើនៅខ្ទង់ដើមខែវិច្ឆិកា។

ស្ថិរភាពសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមកំពូលមួយសម្រាប់ប្រទេសប៉ាគីស្ថាន ដែលកំពុងតែស្ថិតលើផ្លូវដ៏តូចចង្អៀតមួយ ដើម្បីឆ្ពោះទៅការស្តារឡើងវិញ បន្ទាប់ពីទើបទទួលបានការជួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីបញ្ចៀសការខកខានសងបំណុលជាតិ។
ប៉ាគីស្ថានក៏ប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកនយោបាយផងដែរ ក្រោយការចាប់ខ្លួននិងការដាក់បម្រាមលើអតីតនាយករដ្ឋមន្រ្តី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) នាពេលថ្មីៗនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត