ក្រុមរថយន្ត Rally កម្ពុជា ទាំង២គ្រឿង បានត្រួតពិនិត្យបច្ចេកទេស និងប្រព័ន្ធសុវត្តិភាពរួចរាល់
ប៉ាតាយ៉ា៖ រថយន្ត Rally VKH Racing និងរថយន្ត Siam Prototype របស់កម្ពុជា បានបិទស្ទីកឃ័រ បិទលេខ ឡូហ្គូ ត្រួតពិនិត្យបច្ចេកទេស ប្រព័ន្ធសុវត្តិភាពផ្សេងៗនាព្រឹកថ្ងៃទី១៣ ខែសីហា។

លោក ហុង ពិសិដ្ឋ ប្រធានក្រុមដឹកនាំ VKH Racing របស់ ក្រុម Kara បានអោយដឹងថា នាព្រឹកនេះ ក្រុមរថយន្តប្រណាំង Rally កម្ពុជា បានចុះឈ្មោះ ទទួលលេខពីគណកម្មការបិទរថយន្តរួចរាល់ និងត្រួតពិនិត្យបច្ចេកទេស ប្រព័ន្ធសុវត្តិភាព ហើយបន្តធ្វើការពិនិត្យគ្រឿងម៉ាស៊ីន ហ្វាំង គ្រឿងក្រោម ប្តូរប្រេងម៉ាស៊ីន ដើម្បីត្រៀមធ្វើការប្រណាំង ដំណាក់កាលទី១ (Leg1) នៅថ្ងៃស្អែកលើចម្ងាយផ្លូវសរុប៣៨៤គីឡូម៉ែត្រ រីឯផ្លូវប្រណាំង២០៦គីឡូម៉ែត្រ ពីទីក្រុងប៉ាតាយ៉ា ឆ្ពោះទៅខេត្តប្រាឈីនបូរី។ ប្រធានក្រុមដឹកនាំរូបនេះ បន្តថា នារសៀលនេះ គណកម្មការនឹងចែកសៀវភៅបង្ហាញផ្លូវ (Road books ) , ប្រជុំបច្ចេកទេស បន្ទាប់មកក្រុមរថយន្តប្រណាំង Rally ទាំងអស់ ត្រូវដង្ហែឆ្ពោះទៅតំបន់ Walk Street ដើម្បីធ្វើពិធីបើកជាផ្លូវការ។

សូមបញ្ជាក់ថា Asia Cross Country Rally 2023 មានកីឡាករមកពី៨ប្រទេសចូលរួម មានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី ចិន និងថៃ ខណៈក្រុម កម្ពុជា មានរថយន្តប្រណាំង២គ្រឿង និងម៉ូតូ២គ្រឿងចូលរួម។ កម្មវិធីប្រណាំងនឹងចាប់ផ្តើមពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែសីហា ចាប់ផ្តើមពីទីក្រុងប៉ាតាយ៉ា ឆ្ពោះទៅខេត្ត៣ក្នុងប្រទេសថៃ គឺខេត្ត Prachinburi , Surin , Ubon Ratcathani ទៅបញ្ចប់នៅខេត្តចំប៉ាសាក់ប្រទេសឡាវ លើចម្ងាចផ្លូវសរុប២០០០គីឡូម៉ែត្រ៕ ចាន់ វិចិត្រ



