ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅហាវ៉ៃកើនដល់ជិត១០០នាក់

ហាវ៉ៃ៖ អភិបាលរដ្ឋហាវ៉ៃ បាននិយាយថា ចំនួនមនុស្សដែលបានស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅបានឈានឡើងដល់ជិត១០០នាក់ គិតត្រឹមថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

លោក Josh Green អភិបាលរដ្ឋហាវ៉ៃ បានប្រាប់អ្នកយកព័ត៌មានថា «មានអ្នកស្លាប់ចំនួន ៨៩ នាក់ហើយ តាមភាពជាក់ស្តែង…ចំនួននឹងបន្តកើនឡើង យើងត្រៀមខ្លួន សម្រាប់ដំណឹងមិនល្អនេះ »

កំហឹងបានកើនឡើង នៅថ្ងៃសៅរ៍ ជុំវិញការឆ្លើយតបជាផ្លូវការចំពោះភ្លើងឆេះព្រៃដ៏រន្ធត់មួយដែលបានលេបត្របាក់ទីក្រុងរីសត ឡាហៃណា (Lahaina) លើកោះម៉ាវអ៉ី (Maui) ដោយបានសម្លាប់មនុស្សយ៉ាងតិច ៨៩ នាក់ ខណៈវាបានលេបត្របាក់អ្វីៗគ្រប់យ៉ាង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បាននិយាយថា សំណង់ជាង ២២០០ ត្រូវបានខូចខាត ឬបំផ្លាញនៅពេលដែលភ្លើងឆេះរាលដាលពេញទីក្រុង Lahaina។ ប្រភពបន្តថា បានធ្វើឱ្យខូចខាត ដល់ទៅ ៥.៥ ពាន់លានដុល្លារ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។

អាជ្ញាធររដ្ឋហាវ៉ៃបាននិយាយថា ពួកគេកំពុងបើកការស៊ើបអង្កេតលើការដោះស្រាយឧប្បត្តិហេតុនេះ ។ សមាជិកសភាមកពីរដ្ឋបានទទួលស្គាល់ថា ក្រុមមន្ត្រីបានវាយតម្លៃកម្រិតគ្រោះថ្នាក់ហើយ ខណៈដែលអ្នកស្រុកបាននិយាយថា មិនមានការព្រមានណាមួយឡើយ។

លោក Vilma Reed បានប្រាប់ AFP ថា “ភ្នំនៅពីក្រោយពួកយើងបានឆេះហើយគ្មាននរណាម្នាក់ប្រាប់យើង” ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner