មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ជ័យលាភីអាហារូបករណ៍ដែលនិស្សិតកម្ពុជាទទួលបានពីប្រទេសជប៉ុន គឺមកពីចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន និងសន្តិភាព
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ទុកថា ជ័យលាភីអាហារូបករណ៍ដែលនិស្សិតកម្ពុជាទទួលបានពីប្រទេសជប៉ុន គឺកើតឡើងដោយសារចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន និងកត្តាសុខសន្តិភាព។
នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សួរ តំណាងឱ្យឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសលោកចូលរួមក្នុងពិធីជួបជុំសំណេះសំណាល ជាមួយនឹងនិស្សិតកម្ពុជាចំនួន២៦រូប ដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៣-២០២៥ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។
ក្នុងឱកាសនេះឯកឧត្តម ហេង សួរ បានបង្ហាញនូវការសារទរ និងចាត់ទុកថា ជ័យលាភីអាហារូបករណ៍ជប៉ុន (JDS) ទាំងអស់ គឺជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោក ក៏បានផ្តាំនិស្សិតជ័យលាភីអាហារូបករណ៍ទាំង ២៦រូប ឱ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយសារកត្តាសុខភាព ដើម្បីជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ។
ឯកឧត្តមបានថ្លែងថា ៖ «អាហារូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះ គឺកើតចេញពីចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា និងជប៉ុន និងកត្តាសន្តិភាព ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ឆ្លៀតឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅទីនោះ។
ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា និស្សិតជ័យលាភីទាំងអស់នឹងទទួលបានជោគជ័យក្នុងដំណើរសិក្សានេះ ដើម្បីនាំយកនូវចំណេះដឹង វិលត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ ហើយរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែ សីហា ថា ការផ្តល់អាហារូបករណ៍ពីប្រទេសខាងក្រៅ ពិសេសពីប្រទេសដែលមានការជឿនលឿន គឺជាលំហូរ និងជាឱកាសដ៏ល្អសម្រាប់និស្សិតកម្ពុជា ដែលអាចទទួលបានការផ្លាស់ប្តូរទាំងចំណេះដឹង និងវប្បធម៌គ្នាទៅវិញទៅមក។
លោកថ្លែងថា ៖ «ជាការពិតបើគ្មានសន្តិភាព ក៏មិនអាចមានកម្ពុជាពេលនេះដែរ ។ហេតុនេះខ្ញុំសូមគាំទ្រឱ្យមានការផ្លាស់ប្តូរនិស្សិតទៅសិក្សានៅក្រៅប្រទេស ព្រោះជាឱកាសនៃការនាំយកវប្បធម៌ បទពិសោធន៍ អរិយធម៌ ពិសេសភាពពិតជាក់ស្តែងដែលកម្ពុជាកំពុងមាន គឺសន្តិភាពនេះទៅកាន់បណ្តាប្រទេសទាំងនោះ»។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាចំនួន ១ ៤៨០ នាក់ បានទៅសិក្សានៅប្រទេសជប៉ុន។ ដោយឡែក ចំពោះអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាពដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។
គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបចំនួន ៥៤៨នាក់ បានទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍JDS។ ក្នុងឆ្នាំ២០២៣ នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប (ស្រី១២រូប) ដែលមកពីក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈចំនួន១៧ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕ ដោយ៖បូរ ពេជ្យហ្សាលីន
