មេដឹកនាំប្រេស៊ីលនឹងប្រាប់លោក បៃដិន ឱ្យឈប់គិតអំពីការធ្វើសង្គ្រាម
ប្រាស៊ីលីយ៉ា៖ មេដឹកនាំប្រេស៊ីលបានអះអាងថា នឹងព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឱ្យផ្តោតលើការវិនិយោគ ប្រសើរជាងការធ្វើសង្គ្រាម។
ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃសុក្រសប្តាហ៍មុនថា យើងនឹងប្រាប់លោក បៃដិន ថា សហរដ្ឋអាមេរិកបានគិតតែពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ហើយមិនបានគិតអំពីការវិនិយោគនៅប្រេស៊ីលទេ។

ការចំណាយថវិកាតិចតួចលើការវិនិយោគនៅក្នុងប្រទេសយើង នោះជាអ្វីដែលនាំមកនូវសន្តិភាពដល់ប្រទេសយើង។ លោក លូឡា និងលោក បៃដិន ត្រូវបានគេរំពឹងថា នឹងជួបគ្នានាខែកញ្ញាខាងមុខ នៅខាងក្រៅអង្គប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ លោក លូឡា បានរក្សាអព្យាក្រឹតភាពលើជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយអំពាវនាវម្តងហើយម្តងទៀតឱ្យមានការចរចាសន្តិភាពដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ហើយថា ពិភពលោកកំពុងចាប់ផ្តើមនឿយហត់នឹងជម្លោះនៅអ៊ុយក្រែន។
ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដឹកនាំយុទ្ធនាការអន្តរជាតិមួយ ដើម្បីបញ្ជូនសព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន។ មន្ត្រីរុស្ស៊ីបានអះអាងថា ជំនួយយោធាលោកខាងលិចទៅឱ្យអ៊ុយក្រែន គឺគ្រាន់តែជាការអូសបន្លាយការបង្ហូរឈាម និងបង្កើនហានិភ័យនៃការបង្កជម្លោះកាន់តែរីកធំប៉ុណ្ណោះ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា