អង្គការសម្ព័ន្ធមិត្តសត្វព្រៃឆ្លើយតបនឹងសារព័ត៌មាន Cambojanews “រាជរដ្ឋាភិបាលពង្រីកតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំជាង ៥៥០,០០០ ហិកតា” ដែលបោះពុម្ពផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមស្វាគមន៍ចំពោះព័ត៌មានស្តីអំពីអនុក្រឹត្យលេខ ១៧៣ អនក្រ.បក “ស្ដីពីការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ” ដែលជាការច្របាច់បញ្ចូលគ្នា នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានប្រសាសន៍ថា “ការច្របាច់បញ្ចូលគ្នានេះគឺជាក្តីសុបិនរបស់អ្នកអភិរក្សទាំងអស់ដែលធ្វើការនៅតំបន់ជួរភ្នំក្រវាញ ដែលចង់ឃើញតំបន់ទេសភាពមួយមានលក្ខណៈរួបរួមគ្នាតែមួយ ដើម្បីរក្សាទុកសម្រាប់អភិរក្សតំបន់ទីជម្រាលប្រភពទឹកដ៏មានសារៈសំខាន់ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា” ។
 
ឆ្លើយតបទៅនឹងបទចោទដែលថាព្រំប្រទល់នៅពុំមានភាពច្បាស់លាស់រវាងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និងព្រំប្រទល់គម្រោងរេដបូក អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមធ្វើការបំភ្លឺថា នេះមិនមែនជាការពិតនោះទេ ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននិងកំពុងធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ជនជាតិដើមភាគតិច ជង ដែលរស់នៅក្នុងតំបន់ជ្រលងភ្នំ ឆាយអារ៉ែង ដោយបានជួយកំណត់ព្រំប្រទល់ដីស្រែចម្ការ និងដីសម្រាប់សហគមន៍មូលដ្ឋានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ។

បន្ទាប់ពីគម្រោងទំនប់វារីអគ្គិសនីត្រូវបានផ្អាក អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាស្ថាប័នទីមួយដែលបានឈានជើងចូលទៅជួយសហគមន៍ជនជាតិដើមភាគតិច ជង ។ ការ វាយ តម្លៃ ជីវភាពប្រជាពលរដ្ឋ លើក ដំបូង ត្រូវ បាន ធ្វើ ក្នុង ឆ្នាំ ២០១៥ បន្ដដោយការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលត្រូវបានអនុវត្តនៅក្នុងភូមិទាំង ៦ នៃតំបន់ជ្រលងភ្នំ ឆាយអារ៉ែងនេះ ដោយសារតែភូមិទាំង៦នេះមិនត្រូវបានវាស់វែងដោយបទបញ្ជា ០១ បប នោះទេ ។

ជាលទ្ធផល ផ្ទៃដីស្រែចម្ការទំហំ ១,៧៩៩ ហិកតា ត្រូវបានកំណត់អត្ដសញ្ញាណ និងកំណត់ជាផែនទីដីប្រើប្រាស់របស់ប្រជាពលរដ្ឋចំនួន ៣៤២ គ្រួសារ នៅក្នុងឃុំប្រឡាយ និងឃុំជំនាប់ ។ តាមការកំណត់អត្ត សញ្ញាណដីប្រើប្រាស់ខាងលើ ប្រជាពលរដ្ឋមាន ដីលំនៅដ្ឋាន និងដីស្រែចម្ការ ជាមធ្យមទំហំ ៥.៦ ហិកតាក្នុងមួយគ្រួសារ។

លើសពីនេះទៅទៀត ការប្រមូលអនុផលព្រៃឈើក៏ត្រូវបានអនុញ្ញាតនៅក្នុងតំបន់គម្រោងរេដបូកផងដែរ ។ ការប្រមូលអនុផលព្រៃឈើនេះត្រូវបានអនុញ្ញាតដោយច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨ ។ តែទោះជាយ៉ាងណាក៏ដោយ ការកាប់ឈើ និងការកាប់រានដីព្រៃស្ថិតនៅក្រៅតំបន់សហគមន៍ តម្រូវឱ្យមានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន ៕ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner