ធនាគារពិភពលោក (WB) មានទំនុកចិត្តថា វៀតណាមនឹងអាចសម្រេចបានគោលដៅសេដ្ឋកិច្ចនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥

ហាណូយ៖ ប្រទេសវៀតណាម ត្រូវបានគេព្យាករណ៍ថា នឹងមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។

សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោក គឺលោកស្រី ដូសាទី ម៉ាដានី បានគូសបញ្ជាក់ថា ថ្មីៗនេះគេបានមើលឃើញពីផលប៉ះពាល់អវិជ្ជមានលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់វៀតណាម រួមមានសហរដ្ឋអាមេរិក អឺរ៉ុប និងចិន ដោយសារភាពមិនប្រាកដប្រជាជាសកល និងតម្រូវការថយចុះ។ លោកស្រីបន្តថា តម្រូវការធ្លាក់ចុះបានកាត់បន្ថយសន្ទុះសេដ្ឋកិច្ចរបស់វៀតណាម ដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។

ដូច្នេះប្រាក់ចំណូលពីការនាំចូល និងនាំចេញមានការថយចុះ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃផលិតកម្មឧស្សាហកម្មទាំងមូល។ ទន្ទឹមគ្នា លោក ងូយិន អាន់ដួង ដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវទូទៅនៅវិទ្យាស្ថានមជ្ឈិម សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច (CIEM) បានសង្កត់ធ្ងន់លើវិធីសាស្រ្តពហុភាគី ដែលវៀតណាមត្រូវតែអនុវត្តដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។

ជាមួយគ្នានេះ វិទ្យាស្ថាន CIEM បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម នឹងកើនឡើង ៦.៤៦ភាគរយនៅឆ្នាំ២០២៣ ជាមួយនឹងការនាំចេញពេញមួយឆ្នាំធ្លាក់ចុះតិចតួច ២.១៧ភាគរយ។ រីឯសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ជាមធ្យម (CPI) ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤.៣៩ភាគរយ ហើយអតិរេកពាណិជ្ជកម្មមានប្រហែល ៦.៨ពាន់លានដុល្លារត្រូវបានរំពឹងទុក៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner