ឯកឧត្ដម នូវប៉េង ច័ន្ទតារា ៖ ខេត្តកណ្ដាលនាពេលឆាប់ខាងមុខនេះ នឹងដាក់ឱ្យ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការស៊ីវិលថ្មី តាមបែបឌីជីថល (smart card)

(ខេត្តកណ្ដាល)៖ ថ្លែងនៅក្នុង វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រង អត្តសញ្ញាណ ប័ណ្ណមន្ត្រីរាជការស៊ីវិល  ជូនអាជ្ញាធរស្រុក-ក្រុង និងមន្ទីរជុំវិញខេត្តកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានផ្តាំផ្ញើ ដល់ សិក្ខាកាម ទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវបទបង្ហាញរបស់ វាគ្មិនដែលជាគ្រូឧទ្ទេស ទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដោយយកចិត្តទុកដាក់បំផុត។ ករណីមានចម្ងល់ ឬមិនច្បាស់លាស់លើចំណុចណាមួយ ត្រូវហ៊ានលើកជាសំណួរដើម្បីក្រុមសម្របសម្រួល ធ្វើការបំភ្លឺបញ្ជាក់បន្ថែម។

ឯកឧត្ដម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ខេត្តកណ្ដាលនាពេលឆាប់ៗខាងមុខនេះ នឹងដាក់ឱ្យ ប្រើប្រាស់ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មី តាមបែបឌីជីថល (smart card) ដែលសបញ្ជាក់ ឱ្យឃើញថា វិស័យសាធារណៈ និង វិស័យឯកជន មានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួត គាំទ្រគ្នា ទៅវិញទៅមក មិនអាចកាត់ផ្តាចពីគ្នាបានឡើយ ដែលបានបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និង វិស័យឯកជន ជាពិសេស ប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់ បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេស ជឿនលឿន មួយចំនួន នៅក្នុងតំបន់ និងក្នុង ពិភពលោក ។

ឯកឧត្ដមបានបន្ថែមថា នេះជាភាពជោគជ័យដ៏ធំធេងលើជ្រុងមួយនៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក បានធ្វើអោយមន្ត្រីរាជការមានទឹកចិត្តស្រឡាញ់ការងារ និងមានភាពស្វាហាប់ ក្នុងការបំពេញការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនគឺ៖ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធ៌មសេវាសាធារណៈ សំដៅធ្វើអោយរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព ភាពឆ្លើយតប ប្រកបដោយ ប្រសិទ្ធផលដើម្បីធ្វើអោយសំរេចគោលដៅបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

លោក ងន់ ម័រ អគ្គនាយករង និងជាប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាល ICT បានមានប្រសាសន៍ថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមានទម្រង់ជាស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការប្រើប្រាស់បណ្ណនេះ សម្គាល់ខ្លួនផង និងជាបណ្ណអេធីអឹម(ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផងលើសពីនេះ បណ្ណនេះ ក៏អាចប្រើជាមធ្យាបាយសម្រាប់មុខងារចាំបាច់ឯទៀតផងដែរ។

លោក ងន់ ម័រ បានមានប្រសាសន៍បន្តថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការ គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាមធ្យាបាយមួយដែលឈានទៅសំរេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងអភិវឌ្ឍន៍ស្ថាប័ន ហើយការបោះពុម្ពអត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមិនគ្រាន់បោះពុម្ព ដើម្បីប្រីប្រាស់ជា បណ្ណសម្គាល់អត្តសញ្ញាទេ ប៉ុន្តែនេះ គឺជាប្រភេទបណ្ណ ដែលយើងកំពុងប្រីប្រាស់ជាកាតទំនើបមួយ ដែលដើរទាន់សម័យបច្ចេកវិទ្យាទំនើប៤.០ ដែលការងារនេះត្រូវបានបង្កើតឡើងដោយ ក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈផ្ទាល់ ៕
ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner