ប្រទេសប៉ូឡូញឃាត់ខ្លួនជនជាតិរុស្ស៊ីពីរនាក់ពីបទចែកចាយ និងឃោសនាគាំទ្រក្រុម វ៉េកណឺ

វ៉ាសូវី៖ កាលពីថ្ងៃទី១៤ ខែសីហារដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសប៉ូឡូញ លោក ម៉ារីស កាមីនស្គី (Mariusz Kaminski) បានលើកឡើងថា ប៉ូឡូញបានធ្វើការចាប់ខ្លួនជនជាតិរុស្ស៊ីពីរនាក់ដោយចោទប្រកាន់ពីបទចារកម្ម ផ្សព្វផ្សាយ និងឃោសនាគាំទ្រក្រុមទាហានស៊ីឈ្នួល វ៉េកណឺ (Wagner) នៅក្នុងទីក្រុងចំនួនពីរ។

ការិយាល័យសារព័ត៌មានរបស់រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសេវាកម្មពិសេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានបង្ហោះខិតប័ណ្ណប្រហែល ៣០០ សន្លឹកនៅក្នុងទីក្រុងក្រាកូវ (Krakow) និងទីក្រុង វ៉ាសូ (Warsaw)។ លើសពីនេះ អាជ្ញាធរក៏បានរកឃើញខិតប័ណ្ណឃោសនាគាំទ្រក្រុម វ៉េកណឺ ប្រហែល ៣.០០០ សន្លឹកបន្ថែមទៀតកំលុងពេលចាប់ខ្លួន។

លោក កាមីនស្គី បានសរសេរសារនៅលើបណ្ដាញ X ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter ថា ៖ «អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទចារកម្ម និងបទចោទមួយចំនួនផ្សេងទៀត»។

គួរដឹងដែរថា ទាហានស៊ីឈ្នួលរបស់ក្រុម វ៉េកណឺ ជាក្រុមទាហានដែលបានបម្រើការជាទាហានវាយប្រហារប្រទេសអ៊ុយក្រែន ហើយកំពុងពង្រីកវត្តមានរបស់ពួកគេនៅទ្វីបអាហ្វ្រ៊ិកខាងលិច។ គួររំឭកថា មេដឹកនាំរបស់ពួកគេ លោក យ៉េវហ្គេនី ព្រីហ្គោស៊ីន (Yevgeny Prigozhin) ធ្លាប់បានដឹកនាំការបះបោរប្រឆាំងនឹងកងទ័ពរុស្ស៊ីនៅក្នុងខែមិថុនា ប៉ុន្តែបានបរាជ័យ។

កាលពីដើមខែសីហា នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា ក្រុមទាហាន វ៉េកណឺ បានចាប់ផ្តើមហ្វឹកហាត់ជាមួយកងទ័ពបេឡារុស ហើយកំពុងត្រូវបានផ្លាស់ប្តូរទៅជិតតំបន់ភាគខាងកើតរបស់អង្គការណាតូ ដើម្បីបង្កអស្ថិរភាពដល់ស ម្ព័ន្ធភាពយោធាមួយនេះ។

ការិយាល័យសារព័ត៌មានរបស់ក្រសួងបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះថា អាឡេសី (Aleksiej T.) និងអាន់ដ្រី (Andriej G.) ហើយក្រសួងក៏បានបង្ហាញឱ្យឃើញថា ពួកគេបានថតរូបទីតាំងដែលពួកគេបានបិទខិតប័ណ្ណឃោសនា ព្រមទាំងបានទទួលថ្លៃឈ្នួលធ្វើការឃោសនារបស់ពួកគេពីអាជ្ញាធររុស្ស៊ីទៀតផង។

ក្រសួងបន្តថា ៖ «សរុបទៅ ពួកគេបានទទួលប្រាក់រហូតដល់ទៅ ៤៩៣០ ដុល្លារអាមេរិកសម្រាប់កិច្ចការដែលពួកគេត្រូវបានប្រគល់ឱ្យធ្វើ»។

ការិយាល័យសារព័ត៌មាននេះបានអះអាងថា ព្រះរាជអាជ្ញាបានចោទប្រកាន់ពួកគេពីបទធ្វើសកម្មភាពចារកម្មបម្រើប្រយោជន៍បរទេស ប្រឆាំងនឹងប៉ូឡូញ និងជាប់ពាក់ព័ន្ធជាមួយការជ្រើសរើសបុគ្គលិកបន្ថែមសម្រាប់បម្រើសេវាកម្មស៊ីឈ្នួល ហើយវាគឺជាសកម្មភាពដែលត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ ព្រោះវាជាការផ្សព្វផ្សាយលើកតម្កើង និងគាំទ្រការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

បុរសម្នាក់បានគ្រោងនឹងរៀបចំផែនការចាកចេញពីប្រទេសប៉ូឡូញនៅថ្ងៃទី១២ ខែសីហា ប៉ុន្តែត្រូវបានចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្នមួយ។ បុរសរូបនេះអាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ប្រសិនបើមានការផ្តន្ទាទោសពីបទល្មើសដែលបានលើកឡើងខាងលើ៕ ប្រែសម្រួល៖ ធា សុណា

ads banner