រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ត្រូវបានរៀបចំឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងកំពុងអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដើម្បីជាគោលដៅចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាខេត្តមួយនេះ។
តាមរយៈក្រសួងទេសចរណ៍នៅថ្ងៃទី១៥ ខែសីហា លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំក្រុមការងារនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបងដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម២០២១-២០២៥ ខេត្តបាត់ដំបង និងបានចុះត្រួតពិនិត្យការអនុវត្តផែនការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដែលជាគោលដៅទាក់ទាញទេសចរណ៍ចម្បងមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។

ក្រសួងទេសចរណ៍បានបន្តថា ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅគឺស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង ហើយមន្ទីរទេសចរណ៍ខេត្តដែលជាសេនាធិការបានរៀបចំ «ផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ»។
ការអនុវត្តផែនការសម្អិតនេះទាមទារឱ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឱ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា ថា មូលហេតុដែលរដ្ឋបាលខេត្តបាត់ដំបង ជ្រើសរើសរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឱ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូដ៏ទាក់ទាញមួយរបស់ខេត្ត ព្រោះតំបន់នេះមានសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងភ្នំ មកខាងក្រៅហើយធ្វើឱ្យភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិមានការចាប់អារម្មណ៍។
លោកបន្តថា មួយទៀតដោយសារភ្នំសំពៅមានតំបន់បុរាណវិទ្យា ដែលបន្សល់ទុកពីជំនាន់ជាច្រើន ហេតុនេះតំបន់នេះត្រូវបានចាត់ទុកជាកន្លែងប្រវត្តិសាស្ត្រមួយសម្រាប់កកើតនៃទឹកដីកម្ពុជា។កន្លងមករមណីយដ្ឋានភ្នំសំពៅ មិនសូវមានការយកចិត្តទុកដាក់នោះទេពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និងគ្រប់គ្រងសោភ័ណភាពនៅជុំវិញតំបន់រមណីយដ្ឋានភ្នំសំពៅនេះឡើយ។

លោក សឿម ប៊ុនរិទ្ធិ ថ្លែងថា ៖ «អ៊ីចឹង! ខេត្តលូកដៃរៀបចំហ្នឹង គឺដើម្បីឱ្យតំបន់នេះកាន់តែមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ តាំងពីការចតយានយន្ត អំពីការអង្គុយមើលទស្សនាសត្វប្រជៀវចេញពីល្អាង អាហ្នឹងយើងរៀបចំវាឱ្យទៅជាលក្ខណៈស្ដង់ដាមួយ ដែលមានភាពទាក់ទាញ។ ប្រសិនជាយើងទុកបែបនេះទៀត វាជាការសោកស្ដាយណាស់ដែលភ្នំសំពៅមានចំណុចទាក់ទាញច្រើនក្នុងការទស្សនា។ ប៉ុន្តែគ្មានអ្នកដឹង»។
លោកបន្ថែមថា រមណីយដ្ឋានភ្នំសំពៅ វាក៏ជាកន្លែងដ៏មានភាពអស្ចារ្យមានទាំងបុរាណវិទ្យាដែលបញ្ជាក់ពីការកកើតនៃទឹកដីកម្ពុជា ហើយចំណែកអ្នកទេសចរ អាចមើលទេសភាពវាលស្រែដ៏ធំល្វឹងល្វើយពីលើខ្នងភ្នំនៅត្រង់តំបន់នេះបានយ៉ាងល្អ៕ ដោយ៖ ជា សុខនី