រោងចក្រ សហគ្រាសចំនួន ២៥ កន្លែង គ្រោងនឹងបង្កើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣នេះ
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសឱ្យដឹងថា រោងចក្រ សហគ្រាសចំនួន២៥ កន្លែងទៀតគ្រោងនឹងបង្កើតឡើងនៅក្នុងខេត្តនេះនាចុងឆ្នាំ២០២៣ខាងមុខដែលជំហានដំបូងគឺត្រូវការកម្លាំងពលកម្មប្រមាណជា ២៣ ០០០កន្លែង។
ការប្រកាសដូចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ក្នុងកំលុងពេលដែលឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ និងពិនិត្យច្រវាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។

រដ្ឋបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ជាលទ្ធផលគណៈប្រតិភូបានជួបពិភាក្សាការងារ និងទស្សនកិច្ចផ្ទាល់នៅសួនឧស្សាហកម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវជៀក ក្រុងតុងហ្គ័ន ដែលមានបួនរោងចក្រ សហគ្រាស។
សួនឧស្សាហកម្មទាំងនេះ កំពុងផលិតកាបូបម៉ាកយីហោល្បីៗសម្រាប់នាំចេញទៅក្រៅប្រទេស ហើយម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺផងដែរ។
តាមរយៈការប្រកាសរបស់រដ្ឋបាលខេត្ត លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានថ្លែងថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួនពីររោងចក្រសម្រាប់ផលិតកាបូបម៉ាកល្បីៗដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ៣ ០០០កន្លែង។
ប្រភពដដែលបានបន្តថា លោក វ៉ី សំណាង បានដឹកនាំប្រតិភូចុះទៅសួនឧស្សាហកម្ម ហុង អ៊ី ដែលមាន ៦ រោងចក្រ សហគ្រាស ដែលរោងចក្រ សហគ្រាស ទាំងនេះជារោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយក៏នឹងត្រូវទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺនាពេលខាងមុខនេះផងដែរ ដោយមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦ ០០០កន្លែង។

ចំណែកគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តម វ៉ី សំណាង ក៏បានបន្តទស្សនកិច្ចនៅសួនឧស្សាហកម្ម ហ្វីចូវ ដែលមាន ៤៤ រោងចក្រ សហគ្រាសផងដែរ ដែលជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទនិងស្គ្រីនទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់។
សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស ចំនួន ១៧ ហើយក៏នឹងគ្រោងមកបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺដូចគ្នាដែរ ដោយមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤ ០០០នាក់។
រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ៖ «សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន ២៥កន្លែង ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣ ០០០ កន្លែង ដែលនឹងត្រូវមានវត្តមាននៅខេត្តកំពង់ស្ពឺនាចុងឆ្នាំ២០២៣នេះ លើតម្រូវការសរុបប្រមាណជា ង៥០ ០០០កន្លែង»៕ ដោយ៖ គឹម យុត្ថារ៉ូ