មនុស្សជិត៣០នាក់ ស្លាប់ក្នុងហេតុការណ៍ឆេះ និងផ្ទុះស្ថានីយចាក់សាំងនៅរុស្ស៊ី

មូស្គូ៖ មនុស្សយ៉ាងហោចណាស់ ២៧ នាក់បានស្លាប់និងជាង ១០០ នាក់បានរងរបួស ក្នុងហេតុការន៍ឆេះ និងផ្ទុះស្ថានីយចាក់សាំងក្នុងតំបន់ដាចេស្ដាន (Dagestan) នាភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារក្នុងស្រុករុស្ស៊ីផ្សេងៗ។

មន្ត្រីតំបន់បាននិយាយថា អគ្គិភ័យពីដំបូងបានឆាបឆេះនៅកន្លែងជួសជុលរថយន្តមួយកន្លែងតាមដងផ្លូវហាយវេក្នុងរដ្ឋធានី Makhachkala ដែលជាប់សមុទ្រកាស្ពាន កាលពីយប់ថ្ងៃចន្ទ ហើយបន្ទាប់មកបានឆាបរាលដាលទៅដល់ស្ថានីយចាក់សាំងនៅទល់មុខនោះ ដែលបណ្ដាលឱ្យមានការផ្ទុះយ៉ាងខ្លាំង។

លោក Sergey Mekilov អភិបាលតំបន់ Dagestan បាននិយាយថា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃអង្គារ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៧ នាក់ ក្នុងនោះរួមមានទាំងក្មេងៗ៣នាក់ ហើយអ្នករងរបួសបានកើនឡើងដល់ ១០២ នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS។

ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី បានឱ្យដឹងថា បុគ្គលិកសង្គ្រោះបន្ទាន់ប្រហែល ២៦០ នាក់ ត្រូវបានដាក់ពង្រាយទៅដល់កន្លែងកើតហេតុ ខណៈខ្លួនបានដាក់យន្តហោះចម្បាំងដើម្បីបញ្ជូនអ្នករងរបួសធ្ងន់ឱ្យទៅសម្រាកព្យាបាលនៅក្រុងមូស្គូ។

មូលហេតុដែលធ្វើឱ្យមានការឆាបឆេះមិនពីកន្លែងជួសជុលរថយន្តមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ភ្លើងបានឆាបឆេះកំលុងពេលគេជួសជុលរថយន្ត ហើយខ្លួនកំពុងបើកការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះហេតុការណ៍នេះ។

បើតាមមន្រ្តីតំបន់ ភ្លើង និងការផ្ទុះ បានបង្កឱ្យមានការឆាបឆេះលើទំហំដី ៦០០ ម៉ែត្រការ៉េ ខណៈរថយន្តពន្លត់អគ្គិភ័យបានចំណាយពេលជាង៣ម៉ោងកន្លះ ដើម្បីពន្លត់ភ្លើង៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner