ឯកឧត្តម ថោង ខុន៖ ក្រសួងទេសចរណ៍សម្រេចសមិទ្ធផលជាច្រើន ផ្នែកបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកជំនាញទេសចរណ៍ មានសារៈសំខាន់ខ្លាំងណាស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខណៈដែលកន្លងទៅក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើនផ្នែក ក្នុងការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍នេះ។
ឯកឧត្តម ថោង ខុន មានប្រសាសន៍បែបនេះ នៅក្នុងពេលដឹកនាំកិច្ចប្រជុំបច្ចុប្បន្នភាពសមិទ្ធផលការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ហៅកាត់ថា MRA-TP កាលពីថ្ងៃទី១៤ ខែសីហា ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ៖ «ការអនុវត្តការងារ របស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ បើទោះជាមានភាពរអាក់រអួលដោយសារតែវិបត្តិកូវីដ១៩ យ៉ាងណាក្តី ក៏មានសមិទ្ធផលមួយចំនួនធំគឺបានធ្វើការសម្រេចបាននៅក្នុងក្របខ័ណ្ឌជាតិ និងអាស៊ាន»។ ក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំរៀបចំស្តង់ដារសមត្ថភាពអ្នកជំនាញទេសចរណ៍ស្ប៉ា និងសុខុមាលភាពអាស៊ាន, ការងារដឹកនាំរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន (RPL), ការងារសម្របសម្រួលរៀបចំគោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពដល់អ្នកជំនាញទេសចរណ៍។
ឯកឧត្តមបន្តថា សហគមន៍សម្រាប់ឧស្សាហកម្មទេសចរណ៍អាស៊ាន, ការងារបង្កើតឱ្យមានតែមសុវត្ថិភាពក្នុងការធ្វើដំណើរ សម្រាប់អាស៊ាន និងការងាររៀបចំកម្មវិធីសិក្សាអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិផ្នែកទេសចរណ៍ និងការងារសហប្រតិបត្តិការអភិវឌ្ឍអ្នកជំនាញទេសចរណ៍រវាងអង្គការជាតិ និងអន្តរជាតិជាច្រើនទៀត។
«បទពិសោធន៍នៃការកសាងរចនាសម្ព័ន្ធមូលដ្ឋានការបណ្តុះបណ្តាលជំនាញទាំងនេះ នឹងត្រូវបានយកទៅអនុវត្តដោយសាលាជាតិទេសចរណ៍ដែលក្រសួងទេសចរណ៍កំពុងតែសាងសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការAFDរបស់ប្រទេសបារាំង ហើយសង្ឃឹមថានឹងអាចដំណើរការក្នុងដើមអាណត្តិរាជរដ្ឋាភិបាលទី៧ នេះ»។ បើតាមការថ្លែងរបស់ឯកឧត្តម ថោង ខុន។

ឯកឧត្តមបញ្ជាក់បន្ថែមថា ជាក់ស្តែងណាស់ការងារអភិវឌ្ឍន៍ជំរុញវិស័យទេសចរណ៍ឱ្យមានការរីករចម្រើន គឺត្រូវការចាំបាច់អ្នកជំនាញទេសចរណ៍មកធ្វើការ ពោល គឺបើគ្មានអ្នកជំនាញទេសចរណ៍ធ្វើការងារនោះ វិស័យទេសចរណ៍មិនអាចរីកចម្រើននោះទេ។
ដោយបានចូលរួមនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងទេសចណ៍នេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែសីហាថា ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ដល់ប្រតិបត្តិករទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនសមត្ថភាពបន្ថែម ជាពិសេសការបណ្តុះបណ្តាលដល់ភ្នាក់ងារទេសចរណ៍ ដែលបានបានផ្អាកការងារ ដោយសារវិបត្តិកូវីដ១៩ ត្រូវតែពង្រឹងសមត្ថភាពឡើងវិញ។
លោកស្រី បានបញ្ជាក់ថា ៖ «យើងឃើញថាក្រោយពីស្ថានភាពកូវីដ១៩ បានធូរស្រាល ក្រសួងទេសចរណ៍ និងសមាគមបានសហការគ្នា បើកវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងជំនាញទេសចរណ៍ ដល់ប្រតិបត្តិករទេសចរណ៍ជាច្រើន ដើម្បីឱ្យគាត់ពង្រឹងសមត្ថភាពឡើងវិញ ជាពិសេសការសិក្សាពីជំនាញថ្មីៗទាក់ទងនឹងការបដិសណ្ឋារកិច្ច ដែលឱ្យគាត់យកទៅប្រើប្រាស់ នៅពេលស្ថានភាពទេសចរណ៍ក្នុងសកលលោក ក៏ដូចជាកម្ពុជា វិលមកភាពប្រក្រតីឡើងវិញ»។
បើតាមក្រសួងទេសចរណ៍ ក្រោមកិច្ចសហការដ៏ល្អជាមួយភាគីពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជា អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍បានជាង ៣ ០០០ នាក់ នៅតាមខេត្តគោលដៅគម្រោងចំនួន ១០ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
យោងតាម នាយកដ្ឋានសហប្រិតបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បច្ចុប្បន្នបណ្តាប្រទេសជាសមាជិកអាស៊ាន កំពុងទទួលស្គាល់ជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន៧០មុខជំនាញ គឺអាចធ្វើការងារចល័តបម្លាស់ទីនៅតាមបណ្តាប្រទេសអាស៊ានបាន៕ ប្រែសម្រួល៖ វណ្ណ សុជាតា