លោក ពូទីន អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតសិ្នទ្ធជាមួយកូរ៉េខាងជើង

មូស្គូ៖ រុស្ស៊ី និងកូរ៉េខាងជើង ដែលប្រទេសទាំងពីរកាន់តែឯកោខ្លាំងឡើងដោយសារសម្ពាធទណ្ឌកម្មរបស់លោកខាងលិច បានខិតកាន់តែជិតគ្នាចាប់តាំងពីវិមានក្រឹមឡាំងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន និងបានចាប់ផ្តើមអរិភាពទ្រង់ទ្រាយធំកាលពីឆ្នាំមុន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហានេះ បានជំរុញឱ្យទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត នៅក្នុងសារអបអរសាទរដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េចេញពីអាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥)។

លោក ពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំប្រាកដថា យើងនឹងបន្តកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់យើង ក៏ដូចជាផលប្រយោជន៍នៃការពង្រឹងស្ថិរភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីឦសានទាំងមូល។

ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយយ៉ាងដូច្នេះថា ខ្ញុំពិតជាមានជំនឿចិត្តយ៉ាងរឹងមាំថា ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព នឹងត្រូវបានអភិវឌ្ឍបន្ថែមឆ្ពោះទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ស្របទៅតាមតម្រូវការនៃយុគសម័យថ្មី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner