ហ្វីលីពីនព្យាករណ៍ថា ព្យុះស៊ីក្លូនចាប់ពី៨ទៅ១១ព្យុះនឹងវាយប្រហារប្រទេសហ្វីលីពីន នៅមុនដំណាច់ឆ្នាំ២០២៣
ម៉ានីល៖ ការិយាល័យឧតុនិយមរដ្ឋ បានបញ្ជាក់ថា ព្យុះស៊ីក្លូនត្រូពិចប្រហែលពី ៨ ទៅ ១១ អាចនឹងវាយប្រហារលើប្រទេសហ្វីលីពីន នៅមុខដំណាច់ឆ្នាំ២០២៣នេះ។
អ្នកឯកទេសផ្នែកឧតុនិយម ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (Pagasa) លោក Chris Perez បាននិយាយថា ព្យុះស៊ីក្លូនត្រូពិចពីរ ឬបី ត្រូវបានគេរំពឹងថា នឹងវាយប្រហារប្រទេសហ្វីលីពីននៅក្នុងខែសីហា, ខែកញ្ញា នឹងមានពីពីរទៅបីព្យុះស៊ីក្លូនត្រូពិច, ខែតុលា នឹងមានពីរទៅបីព្យុះត្រូពិច ហើយខែវិច្ឆិកា និងខែធ្នូ នឹងមានពីមួយ ឬពីរព្យុះត្រូពិច។
លោក Perez បានគូសបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈរូបភាពបានបង្ហាញថា ព្យុះស៊ីក្លូនត្រូពិច ក្នុងអំឡុងពេលនៃការព្យាករណ៍របស់យើង អាចឆ្លងកាត់ប្រទេសហ្វីលីពីន ឬក៏អាចផ្លាស់ទីឆ្លងកាត់ព្រំដែនប្រទេសរបស់យើង ឬនឹងស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់យើងនៅមហាសមុទ្រប៉ាស៊ីហ្វិក។
គិតត្រឹមថ្ងៃពុធទី១៥ ខែសីហានេះ ព្យុះទីហ្វុងចំនួន ៦ រួចហើយ ដែលត្រូវបានរកឃើញដោយផ្នែកឧតុនិយម ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន ដែលបានចូលក្នុងតំបន់ទទួលខុសត្រូវរបស់ប្រទេសហ្វីលីពីន ហើយព្យុះទីហ្វុង ហ្វលខុន ឬហៅឈ្មោះជាអន្តរជាតិថា ខានុន ជាព្យុះចុងក្រោយបង្អស់៕ ប្រភព៖ Asia News Network ប្រែសម្រួលដោយ៖ ឈឹម ទីណា