ឥណ្ឌា៖ ទំនាក់ទំនងពាណិជ្ជកម្ម វប្បធម៌ និងប្រជាជន នៅតែជាអាទិភាពរវាងឥណ្ឌា និងកម្ពុជា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ដេវយ៉ានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្ម ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងប្រជាជននៅតែបន្តជាចំណុចកណ្តាលនៃអាទិភាពរបស់យើង។
លោកជំទាវបណ្ឌិត ដេវយ៉ានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូរធុរកិច្ចមួយចំនួននៅក្នុងវិស័យផ្សេងៗត្រូវបានត្រៀមជាស្រេច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ សន្ធិសញ្ញាវិនិយោគទ្វេភាគីជិតនឹងត្រូវបានបញ្ចប់ហើយ ហើយនឹងដើរតួជាកាតាលីករសម្រាប់ការវិនិយោគរបស់ឥណ្ឌាកាន់តែច្រើននៅកម្ពុជា។ ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ដេវយ៉ានី ខូប្រាហ្គាដេ ធ្វើឡើងក្នុងឱកាសដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានប្រារព្ធខួបលើកទី ៧៧ឆ្នាំ នៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារហៃយ៉ាដភ្នំពេញ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានលើកឡើងពីសមិទ្ធិផលនានាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដែលបានបង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់រវាងឥណ្ឌា និងកម្ពុជា ជាមួយនឹងការប្រារព្ធខួបលើកទី ៧០នៃការបង្កើតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការពេញចិត្ត ជាមួយវឌ្ឍនភាពក្នុងការបង្កើតការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ ដែលនឹងជំរុញពាណិជ្ជកម្ម និងនាំប្រជាជនឥណ្ឌាកាន់តែច្រើនក្នុងនាមជាអ្នកទេសចរ មកកាន់ទឹកដីនៃសម្រស់ធម្មជាតិដ៏អស្ចារ្យ និងបេតិកភណ្ឌអរិយធម៌រួម ហើយថែមទាំងនាំប្រជាជនកម្ពុជាទៅកាន់ទឹកដីនៃព្រះពុទ្ធផងដែរ។

លោកជំទាវថា វិស័យទេសចរណ៍ក៏នឹងត្រូវបានជួយផងដែរជាមួយនឹងការភ្ជាប់ចំណុចប្រទាក់ការទូទាត់រួម (UPI) របស់ឥណ្ឌាជាមួយនឹងប្រព័ន្ធកម្ពុជា ដែលភាគីយើងទាំងពីរបាននឹងកំពុងធ្វើការជាមួយគ្នា។ នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានជូនពរប្រជាជនឥណ្ឌាក្នុងថ្ងៃទិវាឯករាជ្យជាតិលើកទី៧៧ និងលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងកម្ពុជាផងដែរ៕

អត្ថបទ៖ ឈឹម ទីណា