ឯកឧត្តមអនុរដ្ឋមន្ដ្រី Pahala ៖ ដើម្បីធានាសន្តិសុខស្បៀង ឥណ្ឌូនេស៊ី មានភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជាផងដែរ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងគណៈប្រតិភូ បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី ។

ឯកឧត្តម បន្តថា វត្តមានអង្ករ របស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការជួយដល់មិត្តដែលកំពុងមានតម្រូវការ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ។ ក្រសួងកសិកម្មកម្ពុជា នឹងជួយសម្រួលដល់ការនាំចេញអង្ក ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្ត។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការចាប់អារម្មណ៍របស់ភាគីឥណ្ឌូណេស៊ីក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក។ ភាគីឥណ្ឌូណេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា កម្ពុជាបើកចំហរទ្វារជានិច្ច សម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner