ចិនថា ការប្រឹងប្រែងរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺ “បរាជ័យទាំងស្រុង”
ប៉េកាំង៖ ប្រទេសចិននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងផ្នែកយោធា, នយោបាយ និងការប្រឆាំងអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន គឺ “បរាជ័យទាំងស្រុង” ហើយថា ការប៉ុនប៉ងនាំមកនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ មិនដំណើរការទេ។

ក្នុងឱកាសខួបពីរឆ្នាំនៃការវិលត្រឡប់របស់ពួកតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បាននិយាយថា កាលពី២ឆ្នាំមុន ពិភពលោកបានឃើញសហរដ្ឋអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថានយ៉ាងប្រញាប់ប្រញាល់។ មេរៀនពីការផ្លាស់ប្តូរស្ថានការណ៍នៅអាហ្វហ្គានីស្ថាននេះ គឺមានអត្ថន័យជ្រាលជ្រៅ ហើយវានៅតែមានតម្លៃសម្រាប់ពិភពលោក ក្នុងការគិតគូរអំពីវានៅថ្ងៃនេះ។

រឿងនេះបានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងទាំងផ្នែកយោធា, នយោបាយ និងប្រឆាំងអំពើភេរវកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺជាការបរាជ័យទាំងស្រុង ហើយការអន្តរាគមន៍យោធា, ការជ្រៀតជ្រែកផ្នែកនយោបាយ និងការប៉ុនប៉ងដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ មិនដំណើរការទេ។ ផ្ទុយទៅវិញ វាគ្រាន់តែនាំមកនូវភាពចលាចល និងគ្រោះមហន្តរាយតែប៉ុណ្ណោះ។

លោក វ៉ាង បន្តថា ពីរឆ្នាំកន្លងមកនេះ ប្រទេសមួយចំនួនបានដាក់ទណ្ឌកម្មលើអាហ្វហ្គានីស្ថាន ដោយកាត់ផ្តាច់ជំនួយ និងបង្កកទ្រព្យសម្បត្តិ ធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថានរងទុក្ខវេទនាកាន់តែធ្ងន់ធ្ងរឡើង។ លោកថា ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅអាហ្វហ្គានីស្ថាន បញ្ហាមនុស្សធម៌គួរតែជាបញ្ហាទីមួយ ដែលត្រូវដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់តម្រូវការបន្ទាន់របស់ប្រជាជនអាហ្វហ្គានីស្ថាន៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា