សហរដ្ឋអាមេរិកព្រមានថា កិច្ចព្រមព្រៀងសព្វាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងនឹងបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃទី១៥ ខែសីហាថា រុស្ស៊ីនឹងរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ប្រសិនបើខ្លួនឈានដល់កិច្ចព្រមព្រៀងសព្វាវុធណាមួយជាមួយកូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំទាំងពីរបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មានថា ប្រភេទនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ឬកិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី ច្បាស់ណាស់… នឹងបំពានលើដំណោះស្រាយជាបន្តបន្ទាប់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Patel បានគូសបញ្ជាក់យ៉ាងដូច្នេះថា រុស្ស៊ីកំពុងពឹងផ្អែកលើប្រទេសមួយចំនួន ក្នុងនោះមានកូរ៉េខាងជើង និងអ៊ីរ៉ង់ ដើម្បីគាំទ្រសង្រ្គាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ លោកថា ព័ត៌មានរបស់យើងបង្ហាញថា រុស្ស៊ីកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការយោធាប្រភេទនេះជាមួយកូរ៉េខាងជើង។

ការព្រមានរបស់លោក Patel ខាងលើនេះ បានកើតមានឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយឆ្លងគ្នាតាមសំបុត្រនៅថ្ងៃទី១៥ ខែសីហានេះ អមជាមួយការសន្យាថា នឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។ សេចក្តីថ្លែងការណ៍នេះដែរ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង របស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner