រុស្ស៊ីអះអាងថា ធនធានយោធាអ៊ុយក្រែនជិតអស់ហើយ
មូស្គូ៖ អ៊ុយក្រែនបានចាប់ផ្តើមការវាយលុកតបតដែលរំពឹងទុកជាយូរមកហើយក្នុងខែមិថុនា ប៉ុន្តែបានទទួលស្គាល់ការប្រយុទ្ធដ៏ស្វិតស្វាញនោះ ខណៈដែលខ្លួនតស៊ូដើម្បីទម្លុះទីតាំងដែលមានកម្លាំងខ្លាំងរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានអះអាងនៅថ្ងៃទី១៥ ខែសីហានេះថា ធនធានយោធារបស់អ៊ុយក្រែន “ស្ទើរតែអស់ហើយ” ខណៈដែលទីក្រុងកៀវធ្វើការវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកទឹកដីដែលបាត់បង់មកវិញ។
លោក ស៊យហ្គូ បាននិយាយនៅក្នុងសន្និសីទសន្តិសុខអន្តរជាតិលើកទី២១នៅទីក្រុងមូស្គូថា ទោះបីជាមានជំនួយយ៉ាងទូលំទូលាយពីលោកខាងលិចក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនមិនអាចសម្រេចបានលទ្ធផលដែរ។
ប្រមុខការពារជាតិរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា លទ្ធផលបឋមនៃអរិភាព បានបង្ហាញថា ធនធានយោធារបស់អ៊ុយក្រែនជិតអស់ហើយ និងថា មិនមានអ្វីប្លែកទេ អំពីអាវុធលោកខាងលិច ហើយថា អាវុធរុស្ស៊ីមិនងាយរងគ្រោះថ្នាក់នៅក្នុងសមរភូមិឡើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

