លោក ចូ បៃដិន ថា នឹងធ្វើដំណើរទៅរដ្ឋហាវ៉ៃឆាប់ៗនេះ បន្ទាប់ពីគ្រោះមហន្តរាយភ្លើងឆេះព្រៃ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃទី១៥ ខែសីហាថា ក្នុងពេលឆាប់ៗនេះ រូបលោកនឹងធ្វើដំណើរទៅកាន់រដ្ឋហាវ៉ៃ ជាទីតាំងរងគ្រោះភ្លើងឆេះព្រៃដ៏សាហាវបំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលមួយសតវត្ស ដើម្បីចុះស្ទាបស្ទង់មើលការខូចខាត និងការសម្រាលទុក្ខលំបាករបស់អ្នករស់រានមានជីវិត។

ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅរោងចក្រមួយកន្លែងក្នុងរដ្ឋ Wisconsin លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា ភរិយារបស់ខ្ញុំ និងខ្ញុំ នឹងធ្វើដំណើរទៅកាន់រដ្ឋហាវ៉ៃ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារលោកមិនចង់ខ្ជេះខ្ជាយពេល នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនោះទេ។ លោក បៃដិន ដែលប្រញាប់ប្រញាល់ប្រកាសពីគ្រោះមហន្តរាយដ៏ធំបំផុតនៅក្នុងរដ្ឋហាវ៉ៃ បាននិងកំពុងព្យាយាមបញ្ចេញកញ្ចប់ជំនួយសហព័ន្ធ ដោយលោកបាននិយាយជាច្រើនលើកជាមួយអភិបាលរដ្ឋហាវ៉ៃ លោក Josh Green។

បើតាមអភិបាលរដ្ឋហាវ៉ៃ ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅកោះ Maui បានកើនឡើងដល់៩៩នាក់ ហើយតួលេខនេះអាចនឹងកើនឡើងទ្វេដងនៅសប្តាហ៍ក្រោយ ខណៈដែលមនុស្សប្រហែល១.០០០នាក់កំពុងបាត់ខ្លួន។ ភ្លើងឆេះព្រៃនៅកោះ Maui ឥឡូវនេះ ក្លាយជាភ្លើងឆេះព្រៃសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner