ឯកឧត្តម នេត្រ ភត្រ្តា នឹងក្លាយជារដ្ឋមន្រ្តីថ្មីនៃក្រសួងព័ត៌មាន ខណៈឯកឧត្តម ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភត្រ្តា នឹងក្លាយជារដ្ឋមន្រ្តីថ្មីនៃក្រសួងព័ត៌មាន ខណៈឯកឧត្តម ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។
នេះបើតាមការបង្ហើបឲ្យដឹងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មាន នាវិមានសន្តិភាព ដែលជាការបំពាក់មេដាយលើកទឹកចិត្តដល់ក្រុមអ្នកសារព័ត៌មាន និងក្រុមការងារសារព័ត៌មានជាង ១០០នាក់ ដែលតាមយកព័ត៌មានអំពីសកម្មភាពការងាររបស់សម្ដេចជាច្រើនឆ្នាំកន្លងមក កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។
នៅក្នុងពិធីសំណេះសំណាលនៅវិមានសន្តិភាពនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបប្រាប់សារព័ត៌មានទាក់ទងការចាកចេញរបស់ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម អ៊ុក ប្រាថ្នា ដែលជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងព័ត៌មានបច្ចុប្បន្ន , ហើយឯកឧត្តម អ៊ុក ប្រាថ្នា នឹងក្លាយជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
ជាមួយគ្នានេះ សម្តេចបន្ថែមថា ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ដែលជាបេក្ខជនដែលសម្តេចបានត្រៀមយូរមកហើយ។
សម្ដេចក៏បានប្រកាសដែរថា៖ ខ្ញុំសូមជម្រាបដែលថា យើងនឹងមានក្រុមអ្នកនាំពាក្យនៃរាជរដ្ឋាភិបាលថ្មី ដែល ហ៊ុន ម៉ាណែត គេធ្វើកិច្ចការផ្ទាល់ជាមួយ គឺ ប៉ែន បូណា ដែលនឹងក្លាយជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអណត្តិទី៧ ព្រោះយើងត្រូវតែមានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលនោះ គឺក្រុមមនុស្សដែលមានសមត្ថភាពឆ្លើយតបជាមួយសភាពការណ៍ទាំងឡាយ។ ក្រុមនេះចេញដំណើរជាក្រុមខ្លាំង ៕ដោយ ៖ វណ្ណលុក



