ពលករខ្មែរនៅកូរ៉េខាងត្បូង នាំគ្នាងាកមកគាំទ្រសម្តេចតេជោ និង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងខ្លាំងបំផុត

ភ្នំពេញ៖ ទឹកចិត្តពលករខ្មែរនៅកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជាមិនដូចពេលមុនទេ។ ពោលគឺ ពេលនេះ ពលករភាគច្រើនបំផុតសឹងតែ ១០០ភាគរយ បានគាំទ្ររដ្ឋាភិបាលកម្ពុជាដែលខុសកាលពីពេលមុនដែលជាទូទៅ ពលកររអ៊ូរទាំច្រើនពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលខ្មែរ។

បើតាមការសង្កេតចុងក្រោយនេះវិញ ពលករកម្ពុជានៅកូរ៉េខាងត្បូង បានងាកមកពេញចិត្ត និងគាំទ្រដោយឥតងាករ៉េលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ការគាំទ្រនេះ គឺផ្តើមដំបូងចេញពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលដឹកនាំដោយ ឯកឧត្តម ហេង សួរ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងនៅក្រុងអឺចុងប៊ូដែលមានមនុស្ស ១៥០០នាក់។

នៅពេលនោះហើយគឺជាការខិតចូលជិតគ្នារវាងពលករ និងរដ្ឋាភិបាលកម្ពុជា។ ភាពស្និទស្នាលរវាងពលករ និងរដ្ឋាភិបាលនេះ បានងាកមកជិតគ្នាកាន់តែខ្លាំងបន្តិចម្តងៗតាមរយៈការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងពិធីផ្សេងៗនៅកូរ៉េដែលត្រូវធ្វើឡើងឥតអាក់រហូតមកដល់ឆ្នាំ២០២៣។ ជាពិសេសការបង្កើតកម្មវិធីមហាសង្ក្រានខ្មែរចំនួន៤លើកដែលមានពលករខ្មែរមិនតិចជាង១ម៉ឺននាក់ទេដែលបានចូលរួមម្តងៗ។ នេះនៅមិនទាន់រាប់បញ្ចូលជំនួបសំណេះសំណាល ក្រុមតូចៗទៀតផងទេ។

ក្រៅពីភាពស្និទស្នាលតាមរយៈការរៀបចំពិធីបុណ្យ និងការជួបជុំផ្សេងៗ ពលករខ្មែរដែលកំពុងធ្វើការនៅស្រុកដ៏ទំនើបមួយនេះ ក៏ទទួលបានយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាជាច្រើន។ ក្នុងនោះរួមមាន ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងនីតិវិធីងាយស្រួលឆាប់រហ័ស និងធ្វើដល់កន្លែងធ្វើការ និងកន្លែងស្នាក់នៅក្នុងថ្ងៃឈប់សម្រាកនិងបុណ្យទាន។ ដោយឡែក ការព្យាបាលជំងឺតាមរយៈគ្រូពេទ្យស្ម័គ្រចិត្ត ការផ្តល់ឱសថ ការចាក់វ៉ាក់សាំងផ្តាសាយ ក៏សុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េទទួលបានពីក្រុមការងារគណបក្សប្រជាជននិងស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមការងារយុវជនគណបក្សដែលមាន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងស្ថានទូត បានផ្តល់ឱ្យពលករ ផ្ទះស្នាក់នៅបណ្តោះអាសន្នពេលប្តូរការងារ ការឧបត្ថមគាំទ្រដល់ពលករមានគ្រោះថ្នាក់ការងារ ពេលមានជំងឺ និងការសម្រួលលើការងារបូជាសព ការបកប្រែបណ្ណបើកបរ និងការគាំទ្រផ្លូវច្បាប់លើសំណងធានារ៉ាប់រងផ្សេងៗទៀតជាដើម ។ ទាំងនេះសុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េខាងត្បូង ទទួលបានការទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលដែលសម្តេចតេជោហ៊ុន សែន បានណែនាំឱ្យអនុវត្តតាំងពីឆ្នា២០១៤មកម្លេះ ហើយក៏កំពុងបន្តអនុវត្តដល់បច្ចុប្បន្ន។

ក្នុងការដោះស្រាយបញ្ហាជូនដល់ពលករ និងការផ្តល់សមិទ្ធិផលនានា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា គឺជាបុគ្គលសំខាន់ និងជាតួអង្គឯកក្នុងព្រឹត្តិកាណ៍ទាំងនេះ ដែលបានដាក់ទិសដៅនិងចង្អុលបង្ហាញ។

គួរបញ្ជាក់ថាក្នុងនាមជាជាប្រតិបត្តិករនៅលើទឹកដីកូរ៉េខាងត្បូនេះ ឯកឧត្តម ហេង សួរ បានសម្របសម្រួល និង រៀបចំឱ្យមានជំនួប សំណេះសំណាលជាមួយពលករខ្មែរ ពិធីបុណ្យចូលឆ្នាំ ពិធីអបអរសាទរទិវាជ័យជំនះ៧មករា និងពិធីខួបលើកទី៧១ឆ្នាំនៃការបង្កើត គណបក្សប្រជាជនកម្ពុជាជាដើម។ ពិធីទាំងនេះ មានចំនួន១៩លើក ក្នុងនោះកម្មវិធីដែលមានសម្តេចតេជោជាអធិបតីចំនួន៣លើកនៅឆ្នាំ២០១៤ចំនួន២លើកនិងឆ្នាំ២០២០មួយលើក។ ដោយឡែកកម្មវិធីដែលមានឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតជាអធិបតីមានចំនួន ៥លើកគឺនៅឆ្នាំ២០១៤ ២០១៥ ២០១៦ចំនួន២លើក និង២០១៨ចំនួន១លើក។ បន្ថែមពីនេះ ពិធីសំណេះសំណាលដែលមានឯកឧត្តម អ៊ិត សំហេងជាអធិបតី ក៏មានចំនួន៧លើកដែលឆ្នាំ២០១៤ ចំនួន១លើក ២០១៧ចំនួន១លើក ២០១៨ចំនួន១លើក ២០១៩ ចំនួន១លើក ២០២២ចំនួន១លើក ហើយក្នុងឆ្នាំ២០២៣ចំនួន២លើក។

ក្នុងកិច្ចការទាំងនេះ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានបង្កើតនិងចងក្រងសមាគមខ្មែរនៅកូរ៉េ បានយ៉ាងហោចចំនួន៥ដែលរួមមានសមាគមបញ្ញាវន្តខ្មែរ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា និងសមាគមនិស្សិតខ្មែរ។ សមាគមទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយទំនុកបម្រុង សាមគ្គីគ្នាដល់ពលរដ្ឋខ្មែរនៅទឹកដីកូរ៉េ ហើយសមាគមទាំងនេះក៏ជាភ្នែកជាច្រមុះរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា លើការការពារប្រយោជន៍ពលករពីសំណាក់និយោជក និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារខ្មែរដែលមានស្វាមី ភរិយានៅក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។ ចំណុចទាំងនេះហើយ ទើបធ្វើឱ្យពលករខ្មែរ និងក្រុមគ្រួសារខ្មែរនៅកូរ៉េខាត្បូង បានងាគមកគាំទ្រដោយឥតលក្ខខណ្ឌ សឹង១០០ភាគរយ ចំពោះសម្តេចតេជោហ៊ុន សែន ឯកកិត្តិឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner