បាល់ទាត់ពានរង្វាន់ AFRICA & KHMER UNIT CUP បញ្ចប់ដោយសាមគ្គីភាព
ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ AFRICA&KHMER UNIT CUP ឆ្នាំ២០២៣ ដែលមានសមាសភាពកីឡាករនីសេរីហ្យ៉ានិងកីឡាករកម្ពុជាដំណើរការប្រកួតអស់រយៈពេលជាង២ខែនៅលើទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក បានបញ្ចប់ហើយ ដោយក្រុមបាល់ទាត់Basic FCគ្រង់តំណែងជើងឯករដូវកាលឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់Imperial FCនៅវគ្គផ្តាច់កាលពីយប់ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៣។
លោក Eseleno Fred Oshara អ្នករៀបចំពានរង្វាន់ AFRICA&KHMER UNIT CUP បានបញ្ជាក់ថា ពានរង្វាន់បាល់ទាត់មួយនេះ មាន៧ក្រុមចូលរួមប្រកួតប្រជែងដែលក្រុមបាល់ទាត់នីមួយៗមានសមាសភាពកីឡាករបរទេសនិងកីឡាករកម្ពុជាចូលរួមទាំងអស់ ហើយបានដំណើរការប្រកួតរយៈពេលជាង២ខែ ដោយធ្វើការប្រកួតរៀងរាល់ថ្ងៃសៅរិ៍និងថ្ងៃអាទិត្យ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន២ក្រុមនិងឡើងមកប្រកួតដណ្តើមចំណាត់លេខ១និងចំណាត់លលេខ២។
អ្នករៀបចំការប្រកួតខាងលើ បានគូសបញ្ជាក់ទៀតថា ពានរង្វាន់បាល់ទាត់មួយនេះ បានបង្កើតឡើងក្នុងគោលបំណង ផ្សារភ្ជាប់មិត្តភាពរវាងជនជាតិនីសេរីហ្យ៉ានីរស់នៅកម្ពុជា និងប្រជាជនកម្ពុជាឲ្យកាន់តែស្អិតរមួតបន្ថែមទៀតលើជីវភាពរស់នៅប្រចាំថ្ងៃនិងវិស័យបាល់ទាត់។ លោកថា សម្រាប់ពានរង្វាន់បាល់ទាត់មួយនេះ នៅឆ្នាំបន្តបន្ទាប់ទៀត សមាគមន៍អាព្រីចហ្គានឹងរៀបចំឲ្យបានធំជាងឆ្នាំ២០២៣នេះទៀត ដោយបង្កើនទាំងចំនួនក្រុមចូលរួមនិងប្រាក់រង្វាន់ ដើម្បីចូលរួមលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាឲ្យកាន់តែអភិវឌ្ឍរីកចំរើន។ទន្ទឹមជាមួយគ្នានេះ អ្នករៀបចំរូបនេះ
សូមអំពាវនាវឲ្យក្រុមបាល់ទាត់ដែលមានបំណងចូលរួមជាមួយការប្រកួតនៅឆ្នាំក្រោយសូមទំនាក់ទំនងដាក់ពាក្យតាមសមាគមន៍ ដើម្បីបង្កើនចំនួនក្រុមចូលរួម និងបង្កលក្ខណៈឲ្យពានរង្វាន់បាល់ទាត់មួយនេះកាន់តែសប្បាយរីករាយ។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់Basic FC ដណ្តើមបានចំណាត់លេខ១ប្រចាំរដូវកាលឆ្នាំ២០២៣ ទទួលបានប្រាក់រង្វាន់៦លានរៀលនិងក្រុមបាល់ទាត់Imperial FCជាប់ចំណាត់ថ្នាក់លេខ២ទទួលបានប្រាក់រង្វាន់៤លានរៀល។ខណៈអ្នកចាំទីល្អ និងអ្នកចូលចូលទីច្រើនជាងគេប្រចាំរដូវកាល ទទួលបានប្រាក់រង្វាន់លើទឹកចិត្តមួយចំនួនផងដែរ៕
អត្ថបទ៖ជាវ ចន្ធូ រូបភាព ងីម ឆៃហួត
