គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​​ បដិសេធ​ការ​បង្កើត​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ភឿ​ថៃ​ជា​ថ្មី​

ថៃ៖ គណបក្ស​​ចលនា​​ឆ្ពោះ​ទៅ​មុខ​ (MFP) ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​ថៃ​កាល​ពី​ខែ​ឧសភា​ បាន​បដិសេធ​​​​​ការ​បង្កើត​​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ភឿ​ថៃ​ជា​ថ្មី​ ដើម្បី​បង្កើត​រដ្ឋាភិបាល​បន្ទាប់​ ដោយ​ហៅ​វា​ថា​ ជា​ការ​​​បង្ខូច​ទ្រង់​ទ្រាយ​នៃ​លទ្ធផល​បោះឆ្នោត​។​

​អគ្គ​លេខាធិការ​គណបក្ស​ MFP លោក​ ​Chaithawat Tulaton ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ​​៖ «​ការ​បង្កើត​រដ្ឋាភិបាល​នៅ​ពេល​នេះ​ មិ​ន​ឆ្លុះ​បញ្ចាំង​ពី​សំឡេង​របស់​ប្រជាជន​ទេ​ ​និង​បំភ្លៃ​ឆន្ទៈ​រប​ស់​ប្រជាជន​​ក្នុង​ការ​បោះ​ឆ្នោត​»​។

ការ​ថ្លែង​យ៉ាង​ដូច្នេះ​​ ធ្វើ​ឡើង​បន្ទាប់​ពី​សម្ព័ន្ធ​ភាព​​ចម្រុះ​របស់​គណបក្ស​នយោបាយ​ទាំង​២​ បាន​ដួល​រលំ​ បន្ទាប់​ពី​​​លោក​ ភីតា​ លីមចារ៉ន​រ៉ាត​ ដែល​ជា​មេដឹកនាំ​នៃ​គណបក្ស​ MFP ​មិន​​ទទួល​បាន​សម្លេង​គាំទ្រ​គ្រប់​គ្រាន់​ពីសមាជិក​សភា​ និង​ព្រឹទ្ធសភា ​ដើម្បី​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​ និង​បង្កើត​រដ្ឋាភិបាល​។  

​​​គណបក្ស​ភឿ​ថៃ​ ដែល​ជា​គណបក្ស​​មាន​ទំនាក់​ទំនង​ជាមួយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ ​ថាក់ស៊ីន ​ស៊ីណាវ៉ាត​ បាន​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​បង្កើត​សម្ព័ន្ធ​ភាព​ថ្មីជាមួយ​គណបក្ស​នយោបាយ​ផ្សេង​​ទៀត​ ​​ដើម្បី​ព្យា​យា​ម​បង្កើត​រដ្ឋាភិបាល​​ បន្ទាប់​ពី​ដក​ខ្លួន​ចេញ​ពី​សម្ព័ន្ធ​ភាព​ជាមួយ​ MFP។ ​

​ក្រុម​អ្នក​រិះ​គន់​បាន​ចោទ​ប្រកាន់​គណបក្ស​ភឿ​ថៃ​ថា​ បាន​​​​បោះ​បង់​បក្ស​ MFP ចោល​ ដើម្បី​ធានា​ថា​គណបក្ស​ខ្លួន​​ដឹក​នាំ​រដ្ឋាភិបាល​។​ យ៉ាង​ណា​មិញ​ ភឿ​ថៃ​បាន​ទទូច​ថា​ ការ​ដក​ខ្លួន​របស់​បក្ស​ ធ្វើ​ឡើង​ដោយ​ការ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ គណបក្ស​ MFP មិន​អាច​ឈ្នះ​ការ​គាំទ្រ​ពីសមាជិក​ព្រឹទ្ធ​សភាអភិរក្ស​និយម​​ ដែ​ល​ប្រឆាំង​នឹង​គោលនយោបាយ​សេរី​របស់​បក្ស​នេះ​។ ​

គួរ​​​បញ្ជាក់​ថា​ ទោះ​បីជា​​បក្ស​ភឿ​ថៃ​មាន​ប្រវត្តិ​ជូរ​ចត់​ជាមួយ​ក្រុម​យោធា​ក៏​ដោយ​ ក៏​គណបក្ស​នេះ​​កំពុង​បញ្ចុះ​បញ្ចូល​យ៉ាង​ស្វិត​ស្វាញ​​ ដើម្បី​ទាក់​ទាញ​យក​ការ​គាំទ្រ​ពី​គណបក្ស​អភិរក្ស​និយម​​ និង​សមាជិក​ព្រឹទ្ធ​សភាផ្សេ​ង​ទៀត​​ ដែល​មាន​​សម្ព័ន្ធ​ភាព​ជាមួយ​ក្រុម​យោធា​​ ដែល​ធ្លាប់​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​នេះ​រហូត​ដល់​ទៅ​២​លើក​។ ​

ដោយ​សំដៅ​លើ​ការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​​ក្រុម​យោធា​និយម​​ លោក​ Chaithawat នៃ​គណបក្ស​ MFP និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ដដែល​ថា ​៖ «​​​យើង​មិន​ចង់​មាន​ការ​​ពាក់​ព័ន្ធ​​​ណា​មួយ​ នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រោម​លក្ខ​ខណ្ឌ​​បែប​នេះ​​នោះ​​ទេ​​»​។

យ៉ាង​ណា​មិញ​ គណបក្ស​ភឿ​ថៃ​ បាន​តែង​តាំង​លោក​ ស្រេថា ថាវីស៊ីន ឱ្យ​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋ​មន្រ្តី​របស់​បក្ស​ ខណៈ​​​អតីត​​មហា​សេដ្ឋី​​អចលន​ទ្រព្យ​រូប​នេះ​ ​​​គ្មាន​​បទ​ពិសោធន៍​​នយោបាយ​​មុន​​ការ​បោះ​ឆ្នោត​នោះ​ទេ​។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ លោក​​ ស្រេ​ថា​ នឹង​ត្រូវ​ការ​ការ​គាំទ្រ​​ឱ្យ​លើស​​ពី​​ពាក់​កណ្ដាល​នៃ​ចំនួន​សមាជិក​សភា​ទាំង​២​សរុប​ ដែល​​​នេះ​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ​។​

ទោះ​បី​ជា​​យ៉ាង​នេះ​ក៏​ដោយ​ ​មេ​ដឹក​នាំ​គណបក្ស​ភឿ​ថៃ​ លោក​ Cholnan Srikaew ​បាន​និយាយ​ថា​ លោក​រំពឹង​ថា​នឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​នៅ​ចន្លោះ​ថ្ងៃ​ទី​ ១៨ ​ដល់​ថ្ងៃ​ទី​ ២២ ​ខែ​សីហា​ ហើយ​លោក​មាន​ទំនុក​ចិត្ត​ថា​ លោក​ ស្រេថា​ នៅ​តែ​អាច​យក​ឈ្នះ​​បាន​ ​ដោយ​​គ្មាន​ការ​គាំទ្រ​​ពី​គណបក្ស​ MFP៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Thailand’s Move Forward Party refuses alliance with runners up  

ads banner