កម្ពុជានឹងបញ្ជូនកីឡាករវាយកូនគោល ៦រូប ចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ) ៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងបញ្ជូនកីឡាករវាយកូនគោល៦រូបនិងថ្នាក់ដឹកនាំក្រុម២រូបទៅចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនគោលប្រទេសម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី ចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣។

លោក ឧកញ៉ា ឡោក ដារិទ្ធ អ្នកដឹកនាំនិងគ្រប់គ្រងក្រុម បានបញ្ជាក់ឲ្យដឹងថា កីឡាករ៦រូបដែលត្រូវបានសហព័ន្ធជ្រើសរើសហ្វឹកហាត់ចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះនេះ មានកីឡាករ អ៊ឹម រាហ៊ុល សាន ស៊ីដេត ឡាយ សំបាន រ៉ន កំណត់ យ៉េត សុធារក្ស និងកីឡាករ ប៊ុន ឡាយកនណាគ្រីត។ លោកថា សម្រាប់ពានរង្វាន់ការប្រកួតកីឡាវាយកូនគោលនេះ មាន៤វិញ្ញាសារួមមាន៖ កុមារ៉ាអាយុក្រោមអាយុ១៦ឆ្នាំ កុមារីក្រោមអាយុ ១៦ឆ្នាំ បុរសមិនកំណតអាយុ និងនារីមិនណត់អាយុ ហើយ សម្រាប់កម្ពុជា បញ្ជូនតែ២វិញ្ញសាទេ គឺ កុមារ៉ាអាយុក្រោម ១៦ឆ្នាំ ២នាក់ និងបុរសមិនកំណត់អាយុ ៤នាក់។

លោក ឧកញ៉ា បានគូសបញ្ជាក់ទៀតថា កម្ពុជាចូលរួមក្នុងការប្រកួតកម្រិតអន្តរជាតិនេះ មិនមែនត្រឹមតែដកស្រងបទពិសោធន៍នោះ គឺកីឡាករវាយកូនគោលកម្ពុជាយើងនឹងទៅប្រកួតប្រជែងដណ្តើមយកពាន និងសន្សំចំណាត់ថ្នាក់ក្នុងតារាងអន្តរជាតិ ដើម្បីទទួលបានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតកីឡាករអាជីពរៀបចំនៅបណ្តាលប្រទេសផ្សេងនៅពេលខាងមុខ។

ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា មានប្រសាសន៍ឲ្យដឹងដែរថា សម្រាប់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ការបញ្ជូនអត្តពលិកទៅចូលរួមប្រកួតនៅលើកឆាកអន្តរជាតិ គឺជាកាតកិច្ចចាំបាច់ណាស់ ដើម្បីឲ្យពួកគាត់បានស្គាល់ពីកម្រិតសមត្ថភាពកីឡាករនៅក្រៅប្រទេស ព្រោះការប្រកួតកម្រិតអន្តរជាតិវាជាការធ្វើតេសភាពមួយដឹងថាកីឡាករកម្ពុជាយើងស្ថិតនៅក្នុងកម្រិតណា នឹងខ្វះខាតអ្វីខ្លះ ដើម្បីយើងអភិវឌ្ឍកែច្នៃនូវចំណុចខ្វះខាតឈានទៅការប្រកួតដោយគុណភាពនៅពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួម ក្នុងនោះ ក៏មានហុងកុង និងកោះមួយគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ សម្រាប់ក្រុមអត្តពលិកដែលបញ្ជូនទៅចូលរួមការប្រកួតចំនួន៨នាក់រួមមានថ្នាក់ដឹកនាំ២នាក់និងកីឡាករ៦នាក់ ទទួលបានការឧបត្ថម្ភ ការហ្វឹកហាត់ ធ្វើដំណើរ សំលៀកបំពាក់ និងហូបចុកស្នាក់នៅ ពីសហព័ន្ធកីឡាវាយកូនគោលកម្ពុជា Grand Phnom Penh Golf Club ក្រុមហ៊ុន SyBelle Paris – ក្រុមហ៊ុន FOOTJOY. និងលោក ឆោម សំបូ៕

អត្ថបទ៖ជាវ ចន្ធូ រូបភាព ងីម ឆៃហួត

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner