ក្រសួងសុខាភិបាល ប្រកាសបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឹបខ្មែរ Herb Khmer»
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឹបខ្មែរ Herb Khmer» និងបានប្រកាសមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលឈ្មោះម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) ឡើយដោយសារវាមានផ្ទុកសារធាតុ Betamethasone និងMeloxicam ព្រោះវាបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខា ដោយឯកឧត្តម ម៉ម ប៊ុនហេង នៅថ្ងៃទី ១៥ ខែសីហា បានឱ្យដឹងថា តាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផលម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ «កន្ទួតព្រៃសុខភាព» មានដាក់សារធាតុ Betamethasone និងMeloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះជាបន្ទាន់។
ឯកឧត្តម ម៉ម ប៊ុនហេង បានបន្តថា ក្រសួងសុខាភិបាល នឹងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់ ហ៊ឹបខ្មែរ និងប្រមូលផលិតផលទាំងនេះយកកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
លោក ហាន គឹមសៀត មន្រ្តីនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល ថ្លែងឱ្យដឹងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ថា ក្រុមការងារក្រសួងសុភិបាល បានចុះទៅដល់ទីតាំងរបស់សិប្បកម្ម លីង កិននេះ ដើម្បីពិនិត្យទៅលើការផលិត និងផលិតផលរបស់សិប្បកម្ម ព្រោះសិប្បកម្មនេះ បង្កើតឡើងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលនោះទេ ហើយបន្ទាប់ពីនេះទៅ ក្រសួងនឹងកោះហៅម្ចាស់សិប្បកម្មនេះ ទៅកាន់ក្រសួងដើម្បីសួរនាំបន្ថែមទៀត។
លោក ហាន គឹមសៀត បានថ្លែងថា ៖ «យើងចុះទៅពិនិត្យដល់ទីតាំង ទាក់ទងនឹងការផលិត ព្រោះគាត់អត់ច្បាប់ពីក្រសួងសុខាភិបាល ហើយយើងបន្តស្រាវជ្រាវពិនិត្យទៅលើសារធាតុ នៅក្នុងសិប្បកម្ម។ បើពិនិត្យឃើញថា មានស្ថានភាពធ្ងន់ធ្ងរ យើងនឹងចាត់វិធានការទៅលើម្ចាស់ទីតាំងតាមផ្លូវច្បាប់តែម្តង»។
សូមបញ្ជាក់ថា សិប្បកម្ម លីង កិន និងវេចខ្ចប់ ហ៊ឹបខ្មែរ ដែលមានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា នៅថ្ងៃទី១៦ ខែសីហា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់ក្រសួងសុខាភិបាល ព្រោះបើបន្តអនុញ្ញាតឱ្យផលិតទៀត នឹងធ្វើឱ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកប្រើប្រាស់កាន់តែច្រើនជាមិនខាន។
លោកថា មិនត្រឹមតែសិប្បកម្មមួយនេះទេ សម្រាប់វិធានការលើសិប្បកម្មផលិតឱសថ ឬថ្នាំបំប៉នផ្សេងទៀត ដែលខុសច្បាប់ ក៏ត្រូវតែមានវិធានការដោយមិនមានការលើកលែងនោះឡើយ
លោក ឡី សុភាព បានថ្លែងថា ៖ «យើងមិនត្រូវគាំទ្រមនុស្សខូច មួយក្រុមតូច ហើយបង្កបាតុភាពដល់អាយុជីវិតរបស់គេរាប់ពាន់នាក់គឺ មិនកើតទេ។ បិទសិប្បកម្មនេះ គឺសាកសមហើយ និងចាត់ការតាមផ្លូវច្បាប់ផ្សេងៗដែរ។ ខ្ញុំតែងតែរាយការណ៍ជាប្រចាំដល់អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាក់ទងនឹងករណីដូចនេះ ហើយឃើញថានៅមានច្រើនផ្សេងទៀត យើងកំពុងធ្វើការស៊ើបអង្កេត ដើម្បីកុំឱ្យជនខិលខូច ធ្វើអ្វីប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ខ្ញុំត្រូវតែការពារ»៕


ដោយ៖គឹម យុត្ថារ៉ូ