លោក គីម ជុងអ៊ុន និងលោក ពូទីន ផ្ញើលិខិតប្តេជ្ញារឹតចំណងទំនាក់ទំនងឱ្យកាន់តែរឹងមាំ
ព្យុងយ៉ាង៖ កាលពីថ្ងៃអង្គារ ម្សិលមិញ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានផ្ញើលិខិតឱ្យគ្នាទៅវិញទៅមក ដោយសន្យាថា ពួកគេនឹងអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេ ឱ្យទៅជាទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះថា KCNA ។
គួរដឹងដែរថា លិខិតរបស់ភាគីទាំងពីនេះជាលិខិតអបអរសារទរដល់ការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េពីអាណានិគមរបស់ជប៉ុនចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។ ថ្ងៃនេះផងដែរ គឺជាថ្ងៃដែលត្រូវបានគេចាត់ទុកថាជាថ្ងៃបុណ្យជាតិនៅក្នុងប្រទេសកូរ៉េខាងត្បូងទៀតផង។
យោងតាមសារព័ត៌មាន KCNA បានឲ្យដឹងថា នៅក្នុងសារលិខិតទៅកាន់លោក ពូទីន លោក គីម បានសរសេរថា មិត្តភាពរបស់ប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ដោយពួកគេបានយកជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះ ប្រទេសទាំងពីរកំពុងបង្ហាញពីសក្ដានុពលរៀងៗខ្លួននៅក្នុងតំបន់ និងតស៊ូកម្ទេចអនុត្តរភាពរបស់ចក្រពត្តិនិយម។
លោក គីម បានបញ្ជាក់នៅក្នុងលិខិតនោះថា ៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ នឹងនៅតែបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកទំនាក់ទំនងជាយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី»។
លោកបានបន្តថា ៖ «ប្រទេសទាំងពីរនឹងទទួលបានជ័យជម្នះ និងសហការគ្នាយ៉ាងមុតមាំក្នុងដំណើរសម្រេចបាននូវគោលដៅ និងបុព្វហេតុរួមរបស់ពួកគេ»។
កន្លងមក សហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្តល់គ្រឿងសព្វាវុធដល់រុស្ស៊ី ដើម្បីធ្វើស ង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ក្នុងនោះរួមមាន កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងគ្រាប់មីស៊ីលជាដើម។ យ៉ាងណាក៏ដោយ ក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ តែងតែបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ។
កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានឈរប្រកៀកស្មាជាមួយលោក គីម ក្នុងអំឡុងពេលដែលពួកគេបានជួបប្រជុំគ្នាដើម្បីពិនិត្យមើលគ្រាប់មីស៊ីលដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើង និងយន្តហោះគ្មានមនុស្សបើកនៅក្នុងព្យុហយាត្រាយោធាមួយក្នុងទីក្រុងព្យុងយ៉ាងផងដែរ។
ដោយឡែក កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក វ៉េដាន់ ផាថេល (Vedant Patel) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នៅតែមានការព្រួយបារម្ភអំពីប្រទេសកូរ៉េខាងជើងយ៉ាងខ្លាំង ជុំវិញការផ្តល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយជឿជាក់ថា ទីក្រុងម៉ូស្គូកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាងបន្ថែមទៀត។
លោក ផាថេល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ «ប្រភេទនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ឬកិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី គឺជាការបំពានលើដំណោះស្រាយជាបន្តបន្ទាប់ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្លាប់បានដាក់ចេញកន្លងមក»។
យោងតាម KCNA លោក ពូទីន បានលើកឡើងនៅក្នុងសារលិខិតនោះថា ៖ «ខ្ញុំប្រាកដថា យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីសុខុមាលភាពរបស់ប្រជាជនរបស់ប្រទេសទាំងពីរ ស្ថិរភាព និងសន្តិសុខដ៏រឹងមាំនៅឧបទ្វីបកូរ៉េ និងអាស៊ីឦសានទាំងមូល»។
រីឯមេដឹកនាំប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនវិញ ពួកគេគ្រោងនឹងជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខនៅកូរ៉េខាងជើង អ៊ុយក្រែន និងបញ្ហាផ្សេងទៀតនៅក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហាខាងមុខនេះ។
បន្ថែមលើនេះ សហរដ្ឋអាមេរិកបានដាក់សំណើទៅកាន់ប្រទេសអាល់បានី និងជប៉ុន ឲ្យមានកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ ហើយកិច្ចប្រជុំនេះនឹងក្លាយជាជំនួបផ្លូវការលើកដំបូងរបស់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូប នេះបើរាប់ចាប់តាំងពីឆ្នាំ២០១៧ ប៉ុន្តែប្រទេសចិនបានជំទាស់ ដោយអះអាងថា ជំនួបនេះនឹងបង្កើនការប្រឈមមុខដាក់គ្នា និងភាពតានតឹងកាន់តែខ្លាំង៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters North Korea’s Kim, Russia’s Putin exchange letters vowing stronger ties