ឥណ្ឌូនេស៊ី ចង់ទិញអង្ករពីកម្ពុជា​ ដើម្បីផ្គត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួន

ភ្នំពេញ៖ប្រទេសឥណ្ឌូនេស៊ី បានបបង្ហាញពីគោលបំណងក្នុងការទិញអង្ករពីកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីធានាដោះស្រាយបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួនផង និងពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ការបង្ហាញពីគោលបំណងចង់ទិញអង្ករពីកម្ពុជានេះបានធ្វើឡើងនៅក្នុងជំនួបរវាង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ជាមួយឯកឧត្តមអនុរដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Pahala Nugraha Mansury និងគណៈប្រតិភូនៅទីស្ដីការក្រសួងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

សូមជម្រាបថា កិច្ចពិភាក្សាដែលធ្វើឡើងតែប្រាំថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលបានបញ្ជាក់អំពីបំណងក្នុងការនាំអង្ករពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមអនុរដ្ឋមន្ដ្រី Pahala Nugraha Mansury បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។ 

តាមរយៈក្រសួង​កសិកម្មឯកឧត្តម Pahala Nugraha Mansury បានលើកឡើងថា ៖ «​វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេ​សជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស»។

ជាការឆ្លើយតបឯកឧត្តម ឌិត ទីណា ​បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការជួយដល់មិត្តដែលកំពុងមានតម្រូវការស្របតា​មប្រសាសន៍ណែនាំពីនាយករដ្ឋមន្រ្តីកម្ពុជា។ក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្ករ​ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្ត។ ការងារនេះក៏នឹងមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់។

ឯកឧត្តមបាន​បញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ៖ «កម្ពុជាបើកចំហរទ្វារជានិច្ច សម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រ​វាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រ​ព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់»។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការចាប់អារម្មណ៍របស់ភាគីឥណ្ឌូណេស៊ីក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក។  ភាគីឥណ្ឌូណេ​ស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។ 

សូម​រម្លឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ក្នុង​ជំនួប​ពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ និង​ប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម​ ចូកូ វីដូដូ (Joko Widodo) ដោយកិច្ចសន្ទនា បានផ្ដោតទៅលើ ការយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខស្បៀង ដែលក្នុងនោះលោកប្រធានាធិបតីឥណ្ឌូនេស៊ីបានប​ញ្ជា​ក់នៅបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ហើយនៅពេលដែលខ្លីខាងមុខនេះលោកសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ។

ក្នុង​ជំនួប​ពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទនោះសម្ដេចតេជោ  ហ៊ុន សែន បានបញ្ជាក់​ពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន ១០០ នៅកម្ពុជា លើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីប្រជាកសិករ ដើ​ម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ៕

ដោយ៖វណ្ណ សុជាតា

ads banner