ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះត្រូពិច Lan បណ្តាលឱ្យខូចខាតយ៉ាងខ្លាំង នៅភាគខាងលិចប្រទេសជប៉ុន
តូក្យូ៖ ព្យុះត្រូពិច Lan បានបណ្តាលឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងទៅលើតំបន់ Chugoku និង Kansai ភាគខាងលិចប្រទេសជប៉ុន បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។
ព័ត៌មានលម្អិតបន្ថែមកំពុងបង្ហាញពីទំហំនៃការខូចខាត រួមទាំងទីក្រុង Tottori ខណៈដែលអាជ្ញាធរបានចេញការព្រមានជាបន្ទាន់ អំពីភ្លៀងធ្លាក់ខ្លាំង។ ទីប្រជុំជន Saji ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Tottori បានរងការវាយប្រហារយ៉ាងខ្លាំងដោយផ្លូវ និងស្ពានបាក់ជាបន្តបន្ទាប់។ អ្នកស្រុក ១៥៩៧នាក់នៅតែជាប់គាំង នៅក្នុងតំបន់ក្បែរទន្លេ Saji ដែលហូរកាត់ទីក្រុង។ សហគមន៍ខ្លះមិនមានទឹកប្រើប្រាស់ ហើយ គេឃើញមនុស្សកំពុងបូមទឹក ពីប្រភពភ្នំ។
ស្ត្រីជាអ្នកស្រុកម្នាក់បាននិយាយថា «គ្រួសារខ្ញុំមានគ្នាប្រាំមួយនាក់កំពុងត្រូវការទឹកសម្រាប់ចាក់បង្គន់»។
រថយន្តសង្គ្រោះមិនអាចទៅដល់តំបន់មួយចំនួនបានទេ ដោយសារការបាក់ដី។ នៅទីប្រជុំជន Saji ស្ត្រីម្នាក់ដែលមានអាយុ ៨០ ឆ្នាំបានជួបបញ្ហាជំងឺបេះដូង កាលពីយប់ថ្ងៃអង្គារ នៅឯសាលសហគមន៍មួយដែលលោកស្រី កំពុងស្វែងរកទីជម្រក។ អាជ្ញាធរទីក្រុង Tottori និងមន្ត្រីផ្សេងទៀតបាននិយាយថា វាត្រូវចំណាយពេលជាងបីម៉ោងសម្រាប់ក្រុមរថយន្តសង្គ្រោះដើម្បីទៅដល់លោកស្រី ដោយសារតែផលប៉ះពាល់នៃការរអិលបាក់ដី។ ក្រោយមក ស្ត្រីនោះត្រូវបានគេបញ្ជាក់ថា ស្លាប់នៅមន្ទីរពេទ្យ៕ ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

