ប្រធានាធិបតីថ្មីប្រទេសប៉ារ៉ាហ្គាយស្បថចូលកាន់តំណែង

អាសុងស្យង់៖ ប្រធានាធិបតីថ្មីរបស់ប្រទេសប៉ារ៉ាហ្គាយ លោក Santiago Peña បានស្បថចូលកាន់តំណែងជាផ្លួវការ នៅចំពោះមុខប្រធានព្រឹទ្ធសភា លោក Silvio Ovelar ។

អមដោយឧត្តមភរិយា គឺលោកស្រី Leticia Ocampos ប្រធានធិបតីថ្មីរបស់ប៉ារ៉ាហ្គាយ លោក Santiago Peña បានសម្ពោធតំណែងថ្មីនេះ នៅវិមានប្រធានាធិបតី Lopez ក្នុងរដ្ឋធានី អាសុងស្យង់ (Asuncion) ខណៈដែលលោកចូលកាន់តំណែង សម្រាប់អាណត្តិ រយៈពេលប្រាំឆ្នាំ កំណត់ដោយរដ្ឋធម្មនុញ្ញ។

ជាសេដ្ឋវិទូអាយុ ៤៤ ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Peña បានស្បថចូលកាន់តំណែង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ជាមួយនឹងសុន្ទរកថា ដែលបានគោរពដល់មេដឹកនាំគណបក្សអភិរក្ស Colorado គឺលោក Horacio Cartes ។

លោក Peña បានថ្លែងថា “សូមអរគុណចំពោះការតស៊ូ ដោយមិនមានការរអាក់រអួល ក្នុងការកសាងការយល់ស្រប និងការស្វែងរកកិច្ចព្រមព្រៀង ទោះបីជាមានភាពខុសប្លែកគ្នាក៏ដោយ” ។
“ថ្ងៃនេះ យើងនាំយកការអំពាវនាវនយោបាយនោះ មកបម្រើប្រជាជនប៉ារ៉ាហ្គាយទាំងអស់។ យើងមានបំណងធ្វើជាគណបក្សបម្រើជាតិ»។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Peña បានប្តេជ្ញាថា នឹងត្រួតពិនិត្យការបន្តការធ្វើកែទម្រង់ប្រព័ន្ធថែទាំសុខភាព ការបង្កើតការងារ និងការអនុវត្តច្បាប់ជាច្រើនទៀតនៅតាមដងផ្លូវរបស់ប្រទេសនេះ។

លោក Peña បានទទួលជ័យជំនះលើការបោះឆ្នោត ក្នុងខែមេសា ជាមួយនឹងសម្លេងឆ្នោត ៤៣ ភាគរយ ដែលបណ្តាលឲ្យគូប្រជែងស្វិតស្វាញបំផុតរបស់លោក គឺលោក Efraín Alegre ដែលទទួលបានការគាំទ្រតែ ២៨ ភាគរយប៉ុណ្ណោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner