ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា៖ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវប្បធម៌ នៅតែបន្តជាអាទិភាពរបស់ប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាលោកជំទាវ ទេវ្យានី ខូប្រាហ្កាដេ( Devyani Khobragade)បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងប្រជាជននៅតែបន្តជាអាទិភាពទ្វេភាគីកម្ពុជា-ឥណ្ឌា ហើយការផ្លាស់ប្តូរធុរកិច្ចមួយចំនួននៅក្នុងវិស័យផ្សេងៗត្រូវបានត្រៀមជាស្រេចដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។
លោកជំទាវបានគូសបញ្ជាក់បែបនេះ នាឱកាសដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធខួបលើកទី ៧៧ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា ដោយមានការចូលរួមពីពលរដ្ឋឥណ្ឌាដែលស្នាក់នៅកម្ពុជាយ៉ាងច្រើនកុះករ រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប ខណៈឆ្នាំ២០២៣ នេះជាខួបលើកទី៧០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការប្រារព្ធពិធីនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ ក្នុងបរិវេណស្ថានទូតឥណ្ឌានៅកម្ពុជាសម្រាប់វេលាព្រឹក និងពិធីទទួលបដិសណ្ឋារកិច្ចនៅសណ្ឋាគារមួយកន្លែង នៅរាជធានីភ្នំពេញសម្រាប់វេលាល្ងាច។ កម្មវិធីនេះក៏មានការចូលរួមពីឥស្សរជនខ្មែរជាច្រើនរូបរួមមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី ១ អាជ្ញាធរមីន ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងឥស្សរជនខ្មែរជាច្រើនរូបទៀត ព្រមទាំងវត្តមានឯកអគ្គរាជទូត អង្គទូតនៃបណ្តាស្ថានទូតនានាផងដែរ។ក្នុងនោះក៏មានការចូលរួមពីពលរដ្ឋឥណ្ឌាជាង ២៥០នាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
តាមរយៈសេចក្តីប្រកាសនេះលោកជំទាវ ទេវ្យានី ខូប្រាហ្កាដេ បានលើកឡើងពីសមិទ្ធផលនានាកើតចេញពីទំនាក់ទំនងកម្រិតខ្ពស់រវាងកម្ពុជានិងឥណ្ឌា ខណៈឈានចូលខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងទ្វេភាគី។លោកជំទាវបានលើកឡើងថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំង២ ទាំងផ្នែកនយោបាយ ការពារជាតិ និងសភា បានផ្តល់កម្លាំងរុញច្រានជាថ្មីដល់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ។ តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឥណ្ឌា បានបើកទស្សនៈវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងព ង្រឹងផ្នែកដែលមានស្រាប់លើការកសាងសមត្ថភាព ការអភិរក្សបេតិកភណ្ឌ និងការគាំទ្រការអភិវឌ្ឍន៍។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លើកឡើងថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ជាទំនាក់ទំនងបែបប្រពៃណីនិងយុទ្ធសស្រ្ត ខណៈប្រទេសទាំងពីរ បានប្រកាសគាំទ្រនយោបាយនិងការទូតទៅវិញទៅមកក្នុងក្របខណ្ឌមិនចូលបក្សសម្ព័ន្ធតាំងពីសម័យសង្គ្រាមត្រជាក់។
លោកបន្តថា៖«ឥណ្ឌាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស វិស័យវប្បធម៌និងវិស័យទេសចរណ៏ ដែលវិស័យទាំងនេះត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរយកចិត្តទុកដាក់ជាខ្លាំង។ ស្របនៅក្នុងបរិបទបម្រែបម្រួលភូមិសាស្រ្តនយោបាយនិងសន្តិសុខតំបន់ កម្ពុជាបានចាត់ទុកឥណ្ឌាជាតួអង្គមួយសំខាន់ក្នុងកិច្ចការថែររក្សាសណ្តាប់ធ្នាប់និងស្ថិរភាពតំបន់ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ចតំបន់ផងដែរ»។
លោកបន្ថែមថា ឥណ្ឌាបានចាត់ទុកកម្ពុជាជារដ្ឋយុទ្ធសាស្រ្តសំខាន់នៅក្នុងតំបន់សម្រាប់ខ្លួន ដើម្បីកសាងស្ពានសន្តិភាពវប្បធម៌និងការដោះដូររវាងប្រជាជនអាស៊ាននិងឥណ្ឌា។ លោកថាកម្ពុជាវិញតែង សង្ឃឹមថា ឥណ្ឌានឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិស័យអប់រំនិងបច្ចេកវិទ្យា កសិកម្ម និងទេសចរណ៍បន្ថែមទៀតក្រោមក្របខណន្ឌមេគង្គ-ហ្គាំងហ្គា(Mekong Ganga Cooperation)។
ជាមួយគ្នានេះលោក Shiladitya Basu អ្នកស្រាវជ្រាវឯករាជ្យនៃដេប៉ាដឺម៉ង់សិក្សាអាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ានៃសាកលវិទ្យាល័យ Calcutta នៅប្រទេសណ្ឌាលើកឡើងថា កម្ពុជានិងឥណ្ឌាមានទំនាក់ទំនងជាយូរលង់ផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្ត្រ ខណៈប្រទេសទាំង២ មានគ្រឹះវប្បធម៌សករដៀងគ្នាច្រើន។ ជាពិសេសសព្វថ្ងៃព្រះពុទ្ធសាស្ត្របានដើរតួនាទីចងភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទាំង២ ក៏ដូចជាប្រាសាទបុរាណដែលឧទ្ទិសដល់អាទិទេពក្នុងសាសនាហិណ្ឌូ។
សព្វថ្ងៃប្រទេសទាំង២ មានកិច្ចសហប្រតិបត្តិការនឹងគ្នាក្រោមក្របខណ្ឌមេគង្គ-ហ្កាំងហ្កា ក៏ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីមិនសូវមានទំហំច្រើនទេ ភាគច្រើនតាមរយៈវិស័យវាយនភណ្ឌប៉ុណ្ណោះ។ លោកគូសបញ្ជាក់ដូច្នេះ៖«ទិដ្ឋភាពមួយដែលអាចជាអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរគឺការទូតវប្បធម៌ ជាពិសេសការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ វិស័យទេសចរណ៍អាចជារឿងតែមួយគត់ដែលអាចចងប្រទេសទាំងពីរក្នុងការតភ្ជាប់គ្នា និងរក្សាទំនាក់ទំនងការបរទេសឱ្យល្អប្រសើរ»៕
ដោយ៖ សំបាន ច័ន្ទដារ៉ា

