លោក ពូទីន ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ ក្នុងហេតុការណ៍ផ្ទុះនៅស្ថានីយ៍ប្រេងឥន្ធនៈ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ អំឡុងការផ្ទុះនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុង Dagestan ។

អាជ្ញាធររដ្ឋាភិបាលរុស្ស៊ីបាននិយាយថា មនុស្ស៣៥ នាក់បានស្លាប់នៅក្នុងការផ្ទុះ នៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅជិត Makhachkala រដ្ឋធានីនៃសាធារណរដ្ឋ Dagestan នៃប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹង ប្រទេសឆេឆេនី (Chechnya) ។

សំណុំរឿងព្រហ្មទណ្ឌមួយត្រូវបានបើកធ្វើឡើង ដើម្បីស៊ើបអង្កេតលើមូលហេតុដែលនាំទៅដល់ការផ្ទុះនាពេលនោះ នេះបើយោងតាមអ្នកស៊ើបអង្កេតរុស្ស៊ី។

យ៉ាងហោចណាស់ មានមនុស្ស ៣៥ នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស នៅក្នុងការផ្ទុះដែលបង្កើតបានជាដុំភ្លើងដ៏ធំមួយ នៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងតំបន់ដាច់ស្រយាលមួយនៃទីក្រុង Dagestan របស់ប្រទេសរុស្ស៊ី ដែលជំរុញឱ្យមានការចូលរួមរំលែកទុក្ខ ពីប្រធានាធិបតី Vladimir Putin កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។

វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “ប្រធានាធិបតីពូទីន សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្របំផុតចំពោះក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះនៃសោកនាដកម្មនៅ Dagestan និងសូមជូនពរឱ្យជនរងគ្រោះឆាប់ជាសះស្បើយ”។

រូបភាពដែលចែកចាយដោយក្រសួងសង្គ្រោះបន្ទាន់ បានបង្ហាញរថយន្តដែលឆេះអស់ស្រមោល ដោយការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងអ្នកជួយសង្គ្រោះពាក់មួកសុវត្ថិភាព ព្យាយាមពន្លត់ភ្លើង និងបោសសម្អាតកម្ទេចថ្ម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner