មីយ៉ាន់ម៉ា៖ ចំនួនអ្នកស្លាប់ដោយការរអិលបាក់ដីនៅកន្លែងជីករ៉ែត្បូង បានកើនឡើងលើស ៣១ នាក់
ណៃពិដោ៖ ក្រុមអ្នកជួយសង្គ្រោះបាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅអណ្តូងរ៉ែត្បូង ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ នៅតំបន់ដាច់ស្រយាលនៃប្រទេសមីយ៉ាន់ម៉ា បានកើនដល់ ៣១ នាក់ហើយ ខណៈមនុស្សប្រាំបីនាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
បុគ្គលិកសង្គ្រោះម្នាក់បានប្រាប់ AFP ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «យើងបានរកឃើញសាកសពមនុស្ស៦នាក់បន្ថែមទៀតនៅព្រឹកនេះ» ខណៈមនុស្ស៨នាក់ទៀត នៅតែមិនទាន់រងឃើញនៅឡើយ។
ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយដីភក់ក្រាស់ៗ ដើម្បីស្វែងរកសាកសព ខណៈសាកសពមួយចំនួនត្រូវបានគេរកឃើញអណ្តែតក្នុងទឹក។
គួរគូសបញ្ជាក់ថា គំនរដីដ៏ធំដែលមានកំពស់ប្រហែល ១៥០-១៨៩ ម៉ែត្រ ដែលជាអាចម៍ដីជីកយកត្បូង បានរអិលបាក់ក្រោយពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យនៅខាងក្រៅក្រុង Hpakant នៅរដ្ឋភាគខាងជើង Kachin ។ ជាធម្មតា រដូវវស្សាបានបង្ខំឱ្យគេផ្អាកប្រតិបត្តិការរុករករ៉ែ ប៉ុន្តែអ្នកដែលជាប់ក្នុងដីដែលបាក់ ត្រូវបានគេជឿថា ជាប្រជាជនមូលដ្ឋានដែលព្យាយាមស្វែងរករបស់មានតម្លៃនៅក្នុងភក់ដែលគេកាយរកត្បូង។
ការជីកយករ៉ែត្បូងនៅមីយ៉ាន់ម៉ា ដែលជាប្រភពនៃត្បូងដ៏ធំបំផុតរបស់ពិភពលោក ទទួលបានផលចំណេញដោយសារតម្រូវការខ្ពស់ពីប្រទេសជិតខាងចិន ប៉ុន្តែឧស្សាហកម្មដែលគ្មានការគ្រប់គ្រងត្រូវនេះ មានគ្រោះថ្នាក់ដែលសម្លាប់កម្មករជាញឹកញាប់។ ក្នុងឆ្នាំ ២០២០ មនុស្សជិត ៣០០ នាក់បានបាត់បង់ជីវិតនៅក្នុងការរអិលបាក់ដីដ៏ធំនៅអណ្តូងរ៉ែនៅក្រុង Hpakant ដូចគ្នា៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ Death toll from Myanmar jade mine landslide hits at least 31