សិង្ហបុរីចាប់ខ្លួនជនបរទេស១០នាក់ជុំវិញករណីលាងលុយកខ្វក់

សិង្ហបុរី៖ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជនបរទេសចំនួន១០នាក់ ពីបទលាងលុយកខ្វក់ និងបទល្មើស​ក្លែងបន្លំពាក់ព័ន្ធ​ក្នុងករណីសាច់ប្រាក់ប្រហែលមួយពាន់លានដុល្លារសិង្ហបុរី (ស្មើនឹង ៧៣៧លានដុល្លារអាមេរិក) និងរឹបអូសអចលនទ្រព្យជាច្រើន ឡានទំនើប និងទ្រព្យសម្បត្តិផ្សេងទៀត។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសសិង្ហបុរីកាលពីថ្ងៃពុធកន្លងទៅនេះ បានឱ្យដឹងថា​ប៉ូលិស​បានធ្វើ​ការវាយឆ្មក់ចាប់ខ្លួន​ជនសង្ស័យទាំង ១០នាក់ក្នុងពេល​ដំណាលគ្នានៅទូទាំងទីក្រុងដើម្បីចាប់ខ្លួន ។

ការរឹបអូសទ្រព្យសម្បត្តិប្រឆាំងនឹងក្រុមលាងលុយកខ្វក់នេះ រួមមានអចលនទ្រព្យចំនួន ៩៤ យានជំនិះចំនួន ៥០ គ្រឿង ហើយបើតាមការប៉ាន់ស្មានមានតម្លៃសរុបជាង ៨១៥ លានដុល្លារសិង្ហបុរី។ ការរឹបអូសផ្សេង​ទៀតរួមមាន គណនីធនាគារ សាច់ប្រាក់ កាបូបប្រណិត គ្រឿងអលង្ការ នាឡិកា ឧបករណ៍អេឡិចត្រូនិក និងឯកសារ​មួយចំនួន​ដែលមានព័ត៌មានអំពីទ្រព្យសម្បត្តិនិម្មិត។

ប៉ូលិសសិង្ហបុរី បាននិយាយថា ជនសង្ស័យទាំង ១០នាក់មានអាយុចន្លោះពី ៣១ ដល់ ៤៤ឆ្នាំ ពួកគេមាន​សញ្ជាតិដូចជា ចិន តួកគី ស៊ីប វ៉ានូអាទូ និងកម្ពុជា។ ជាមួយគ្នានេះមនុស្សចំនួន ១២ នាក់ផ្សេងទៀត​កំពុងជួយក្នុងការស៊ើបអង្កេតរបស់ប៉ូលិស ខណៈប្រាំបីនាក់ទៀតត្រូវប៉ូលិសតាមចាប់ខ្លួន។

បើតាមហ្វេសប៊ុកផ្លូវការរបស់បូលីសសិង្ហបុរី (Singapore Police Force) ជន​សង្ស័យសញ្ជាតិ​ខ្មែរ​មានដល់ទៅបីនាក់ដែល ត្រូវបានប៉ូលិសចាប់ខ្លួន។ ជនសង្ស័យសញ្ជាតិខ្មែរទាំងបីនាក់នោះមានអាយុ ៣១ឆ្នាំ ៣៣ឆ្នាំ និង ៤១។

ជនសង្ស័យសញ្ជាតិខ្មែរមួយនាក់ដែលមានអាយុ ៣១ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងខុន​ដូ​តាម​បណ្តោយ​ផ្លូវ Leonie Hill។ នៅក្នុងកន្លែងស្នាក់របស់គេ មានលិខិតឆ្លងដែនបរទេសផ្សេងទៀតដែលគេជឿថាចេញដោយ PRC និងសាធារណរដ្ឋដូមីនីកែន។

ប៉ូលិស​រឹបអូស​បាន​លុយសុទ្ធរបស់គេ​ជិត ​៦០០ ០០០​ដុល្លារ​សិង្ហ​បុរី និងលុយបរទេស​មួយ​ចំនួនផ្សេងទៀត រួមទាំងគ្រឿងអលង្ការ​ ២៣​គ្រឿង នាឡិកា​ប្រណីត​៦​គ្រឿង ឯកសារ ​១១​សន្លឹក​ ឧបករណ៍​អេឡិចត្រូនិក​១២​គ្រឿង​  និង​រថយន្ត​ ៣​គ្រឿង ដែល​ប៉ាន់ស្មានទៅមាន​តម្លៃ​ ​ជាង ១២,៦ លាន​ដុល្លារ​សិង្ហបុរី។ បន្ថែមពីលើនេះប៉ូលីសក៏បានបង្កកគណនីធនាគាររបស់គេចំនួន ២ផងដែរ។

ប៉ូលីសសិង្ហបុរី បានបញ្ជាក់ថា ក្រុមបក្ខពួកលាងលុយកខ្វក់នេះបាន​ធ្វើសកម្មភាពតាមរយៈ​ ក្លែងបន្លំព័ត៌មាន​ដែលជា​សកម្មភាព​ខុសច្បាប់​ រួមទាំងការប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីបញ្ជាក់​ប្រភព​លុយ នៅក្នុង​គណនី​ធនាគារ​សិង្ហបុរី។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ធនាគារកណ្តាលសិង្ហបុរីបាននិយាយថា ខ្លួនបានទាក់​ទង​ជាមួយស្ថាប័នហិរញ្ញវត្ថុ (FIs) ដើម្បីស្វែងរកមុខសញ្ញាសក្តានុពលដែល​លាងលុ​យនោះ។ ការចូលរួម​ត្រួត​ពិនិត្យជាមួយ FIs កំពុងដំណើរការ ខណៈដោយ​ធនាគារកណ្តាលសិង្ហបុរីមិនបាន​បញ្ចេញឈ្មោះ​ស្ថាប័ន​ហិរញ្ញវត្ថុនោះទេ៕

ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ https://www.reuters.com/world/asia-pacific/singapore-arrests-10-foreigners-seizes-s1-bln-assets-money-laundering-probe-2023-08-16/

ads banner