អាជ្ញាធរខេត្តព្រះសីហនុ ហាមឃាត់ការនេសាទ និងចតនាវាគ្រប់ប្រភេទ លើទីតាំងគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុប្រកាសដល់ម្ចាស់នាវាគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដាកោះមួយចំនួនក្នុងខេត្តព្រះសីហនុហាមធ្វើការនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយជាយថាហេតុណាមួយកើតឡើង។

ម្ចាស់នាវាគ្រប់ប្រភេទទាំងនោះរួមមាន ទូក កាណូត កប៉ាល់ សាឡង់ជាដើម ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដាកោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ហាមធ្វើការនេសាទ និងចតនាវានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

សេចក្ដីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ដោយសារអគ្គិសនីកម្ពុជាបានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល តាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់បណ្ដាកោះទាំងនោះ ដោយបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកន្លងមកថ្មីៗនេះ។

ប្រភពដដែលបញ្ជាក់ថា៖ «ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្តាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទរួមមាន ទូក កាណូត កប៉ាល់ សាឡង់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដាកោះមួយចំនួនដូចខាងលើក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រ»។

រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមថា សូមម្ចាស់នាវាគ្រប់ប្រភេទទាំងអស់ ត្រូវពិនិត្យគំនូសប្លង់ហាមធ្វើការនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រដែលបានភ្ជាប់មកជាមួយឱ្យបានច្បាស់លាស់មុននឹងបោះយុថ្កា។

ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ការសាងសង់បណ្តាញអគ្គិសនីក្រោមបាតសមុទ្រចេញពីខេត្តកោះកុង ឆ្លងកាត់កោះជាច្រើនមកកាន់ក្រុងកោះរ៉ុង ខេត្តព្រះសីហនុនេះ វាជាគម្រោងរបស់អគ្គិសនីកម្ពុជា។ ក្នុងនោះអាជ្ញាធរខេត្ត បានទទួលព័ត៌មានពីអាជ្ញាធរអគ្គិសនី ស្ដីពីការកំណត់តំបន់និយាមការសម្រាប់អ្នកបើកទូក បើកនាវាគ្រប់ប្រភេទ ដើម្បីឱ្យពួកគាត់បានដឹង និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុដល់ខ្លួនឯងផង និងបញ្ចៀសផលប៉ះពាល់ទៅដល់ខ្សែបណ្តាញអគ្គិសនីផង។ លោកបានបញ្ជាក់ថា តំបន់និយាមការដែលហាមឃាត់ការនេសាទ និងចតនាវាលើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ គឺចាប់ពីតំបន់តារាសាគរ ពាមកាយ ឆ្លងកាត់កោះម្នាស់ កោះតាទាម រហូតដល់កោះរ៉ុង ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ ថ្លែងថា៖ «អ៊ីចឹងនៅពេលអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ បានឃើញតំបន់និយាមការរបស់យើងហើយ នោះគាត់នឹងបានដឹងហើយ ដូច្នេះសូមឱ្យគាត់បើកបរបញ្ចៀសទីតាំងទាំងអស់ហ្នឹង មុនបោះយុថ្កាអីជាដើម»៕ ដោយ៖ ជា សុខនី

ads banner