គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនំាឱ្យរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ឆ្នាំនាខែតុលាខាងមុខនេះ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានធ្វើការណែនាំពីការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ឆ្នាំ ដែលព្រះអង្គបានយាងចូលព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។
តាមរយៈផែនការណែនាំ ដែលចុះហត្ថលេខាដោយសម្ដេចចៅហ្វាវាំង គង់ សំអុល ប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ដ្រីរាជការ គ្រប់លំដាប់ថ្នាក់ និងប្រជារាស្ត្រ ក្នុងទូទាំងប្រទេសនឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ឆ្នាំ»។

ពិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដែលពិធីនេះក្នុងគោលបំណងដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ អភិវឌ្ឍន៍លើគ្រប់វិស័យ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ បានណែនាំដល់ក្រសួងព្រះបរមរាជវាំង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ទៅតាមព្រះរាជប្បវេណតាមប្រពៃណីសាសនា និងតាមការសព្វព្រះរាជហឫទ័យ របស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់តាមរយៈផែនការណែនាំនេះថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវរៀបចំកម្មវិធីជូនគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន សា្ថប័ន និងរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នាថ្ងៃទី១៥ ខែតុលា ចាប់ពីម៉ោង៧ព្រឹកតទៅ ។
សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានណែនាំឱ្យមានការរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក តាមបណ្តាមន្ទីរ ក្រុមហ៊ុន រោងចក្រ សហគ្រាស សាលារៀន និងបំផុសប្រជារាស្ត្រឱ្យលើកទង់ជាតិគ្រប់គេហដ្ឋានផងដែរ។

ក្រសួងធម្មការ និងសាសនាត្រូវណែនាំមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ឱ្យរំឮកគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ពាហិរសាសនា រៀបចំពិធីឧទ្ទិសថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ទៅតាមប្រពៃណីសាសនា នាថ្ងៃ ទី១៥ ខែតុលាខាងនេះដែរ។
មួយវិញទៀត បើតាមផែនការណែនាំនេះដែរសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានស្នើឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិណែនាំគ្រប់ស្ថានអគ្គរាជទូត និងស្ថានកុងស៊ុលនៃប្រទេសកម្ពុជាប្រចាំនៅក្រៅប្រទេស រៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ឆ្នាំ ឱ្យបានស័ក្តិសមផងដែរ៕ ដោយ៖ នាង សុគន្ធា