UNICEF៖ កុមារជាង៨ពាន់នាក់នៅកុងហ្គោ ឆ្លងជំងឺអាសន្នរោគនៅឆ្នាំនេះ

គីនស្ហាសា៖ អង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានបន្លឺសំឡេងរោទិ៍អំពីករណីឆ្លងជំងឺអាសន្នរោគលើកុមារនៅក្នុងខេត្ត North-Kivu របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ យោងតាមការប៉ាន់ស្មាន ក្មេងៗអាយុក្រោម ៥ឆ្នាំជាង ៨,០០០នាក់បានឆ្លងនៅឆ្នាំនេះ។

អង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានឱ្យដឹងថា គិតមកទល់ឆ្នាំ២០២៣នេះ អាជ្ញាធរសុខាភិបាលកុងហ្គោបានកត់ត្រាចំនួនអ្នកឆ្លងជំងឺអាសន្នរោគ ៣១,៣៤២ករណីទូទាំងប្រទេស ក្នុងចំណោមជនរងគ្រោះទាំងនោះ ភាគច្រើនជាកុមារ ហើយ North-Kivu ជាខេត្តដែលរងគ្រោះខ្លាំងជាងគេ មានចំនួនប្រហែល ២១,៤០០ករណី។

បើតាមអង្គការយូនីសេហ្វ កុមារប្រមាណ ៨,០០០នាក់មានអាយុក្រោម ៥ឆ្នាំបានឆ្លងជំងឺអាសន្នរោគនៅខេត្ត North-Kivu កើនឡើងជាង៦ដងច្រើនជាងឆ្នាំមុន។ ការរាតត្បាតនៃជំងឺអាសន្នរោគចាប់តាំងពីឆ្នាំ២០១៧ បានប៉ះពាល់ដល់តំបន់ធំ ៗនៃប្រទេសកុងហ្គោ រួមទាំងរដ្ឋធានីគីនស្ហាសា ដែលមានចំនួនអ្នកឆ្លងប្រហែល ៥៥,០០០ករណី និងមានអ្នកស្លាប់ជាង ១,១០០នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការយូនីសេហ្វបានអំពាវនាវសុំថវិកាចំនួន ៦២.៥លានដុល្លារ ដើម្បីជំរុញសកម្មភាពបង្ការ និងឆ្លើយតបរបស់ខ្លួន សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺអាសន្នរោគ ខណៈដែលជំងឺនេះ ត្រូវបានគេរំពឹងថា នឹងចម្លងទៅដល់មនុស្ស ១.៨លាននាក់ រួមទាំងកុមារ១លាននាក់នៅចុងឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner