ព្យុះហឺរីខិន Hilary វាយប្រហារសហរដ្ឋអាមេរិក និងម៉ិកស៊ិក
វ៉ាស៊ីនតោន៖ ព្យុះហឺរីខិន Hilary បានពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៩ ខែសីហានេះ នៅឧបទ្វីប Baja California នៃប្រទេសម៉ិកស៊ិក និងភាគនិរតីនៃសហរដ្ឋអាមេរិក ខណៈដែលអាជ្ញាធរបានព្រមានថា ព្យុះដ៏មានឥទ្ធិពលនេះ ទំនងជាបង្កទឹកជំនន់គំរាមកំហែងដល់អាយុជីវិតមនុស្ស។

មជ្ឈមណ្ឌលជាតិតាមដានព្យុះហឺរីខិន NHC របស់សហរដ្ឋអាមេរិក បាននិយាយថា ព្យុះ Hilary បានចុះខ្សោយកម្លាំងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ពីប្រភេទទី៤ដែលមានអនុភាពខ្លាំង មកជាប្រភេទទី២វិញ ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថា មានសមត្ថភាពបង្កការខូចខាតយ៉ាងទូលំទូលាយ ហើយព្យុះហឺរីខិននេះ ត្រូវបានគេរំពឹងថា នឹងបន្តវាយប្រហារបណ្តោយឆ្នេរសមុទ្រនៃឧបទ្វីប Baja California រហូតដល់ថ្ងៃអាទិត្យទី២០ ខែសីហានេះ។

មជ្ឈមណ្ឌលនេះបន្តថា គ្រោះទឹកជំនន់ដែលអាចគំរាមកំហែងដល់អាយុជីវិត និងបង្កជាមហន្តរាយធ្ងន់ធ្ងរ អាចនឹងកើតឡើងនៅលើផ្នែកមួយភាគធំនៃឧបទ្វីប Baja California ព្រមទាំងភាគខាងត្បូងរដ្ឋ California នាអំលុងចុងសប្តាហ៍នេះ និងឈានដល់អំលុងដើមសប្តាហ៍ក្រោយ។

ចំណែកនៅក្នុងប្រទេសម៉ិកស៊ិក រដ្ឋាភិបាលបានដាក់ពង្រាយទាហានជិត ១៩,០០០នាក់នៅក្នុងរដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយព្យុះហឺរីខិននេះ ខណៈដែលនាយកដ្ឋានអគ្គិសនីរបស់សហព័ន្ធក៏បានបញ្ជូនបុគ្គលិកចំនួន ៨០០នាក់ និងរថយន្តរាប់រយគ្រឿងផងដែរ ដើម្បីជួយដោះស្រាយបញ្ហាដាច់ចរន្តអគ្គិសនីជាយថាហេតុ។ ទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្របានព្រមានថា ខ្យល់ព្យុះកំពុងកើនឡើងកម្លាំងកាន់តែខ្លាំង ស្របពេលដែលពិភពលោកកាន់តែកើនឡើងក្តៅ ដោយសារការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
