លោក គីស៊ីដា៖ ជប៉ុនមិនទាន់ពិចារណាបញ្ចេញទឹកវិទ្យុសកម្មដែលចម្រោះរួច ចូលទៅក្នុងសមុទ្រទេ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅថ្ងៃទី២០ ខែសីហានេះ បានថ្លែងថា រដ្ឋាភិបាលរបស់លោកមិនទាន់បានសម្រេចចិត្ត ថាតើពេលណាត្រូវចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលចម្រោះរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះទេ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា ការបង្ហូរចេញទឹកវិទ្យុសកម្មមួយចំនួន ក្នុងចំណោម ១.៣៤លានតោន ដែលជប៉ុនទទូចថា មានសុវត្ថិភាពនោះ អាចនឹងចាប់ផ្តើមភ្លាមៗនៅខែសីហានេះ ទោះបីជាមានការខឹងសម្បារពីចិន និងការព្រួយបារម្ភពីប្រទេសផ្សេងទៀតក៏ដោយ។

ថ្លែងនៅឯទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានគូសបញ្ជាក់ថា គាត់នឹងជួបមន្ត្រីឧស្សាហកម្មនេសាទជាលើកដំបូង ដើម្បីពិភាក្សាពីទុក្ខកង្វល់របស់ពួកគេ។ លោកថា ខ្ញុំត្រូវតែបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីពេលវេលាជាក់ស្តែង នៃការបញ្ចេញទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រនៅពេលនេះ ពីព្រោះការសម្រេចចិត្តណាមួយ ត្រូវតែធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទាំងមូលពិនិត្យលើវិធានការនានា ទាក់ទងនឹងសុវត្ថិភាព និងការខូចខាតកេរ្តិ៍ឈ្មោះ (សម្រាប់ឧស្សាហកម្មនេសាទ)។

សូមបញ្ជាក់ថា អ្នកនេសាទជប៉ុនជាច្រើនបានប្រឆាំងនឹងការបញ្ចេញទឹកវិទ្យុសកម្មចូលទៅក្នុងសមុទ្រ ដោយព្រួយបារម្ភថា បញ្ហានេះនឹងលុបចោលកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ដើម្បីស្តារមុខមាត់របស់ឧស្សាហកម្មនេសាទ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីក្នុងឆ្នាំ២០១១។ ទឹកដែលស្មើនឹងអាងហែលទឹកអូឡាំពិកជាង ៥០០កន្លែង បានស្ទុះកកកុញក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner