គិតត្រឹមរយៈពេល៦ខែឆ្នាំនេះ ជនស៊ីវិលជាង១ពាន់នាក់ស្លាប់ និងជាង២ពាន់នាក់រងរបួស ដោយសារការប្រយុទ្ធគ្នានៅអាហ្វហ្កានីស្ថាន
អាហ្វហ្កានីស្ថាន៖ ជនស៊ីវិលអាហ្វហ្កានីស្ថាននៅតែបន្តទទួលរងការគំរាមកំហែងដល់អាយុជីវិត ដោយសារការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ តួយ៉ាងជនស៊ីវិលប្រមាណ១,៣៦៦នាក់ បានបាត់បង់ជីវិត និង២,៤៤៦នាក់ទៀត រងរបួសពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាទាំងនោះ គិតត្រឹមរយៈពេល៦ខែឆ្នាំ២០១៩។
របាយការណ៍ចេញផ្សាយដោយបេសកកម្មផ្ដល់ជំនួយនៃអង្គការសហប្រជាជាតិ ប្រចាំអាហ្វហ្កានីស្ថាន យូណាម៉ា នៅក្នុងថ្ងៃអង្គារនេះ បានបញ្ជាក់ថា ជនស៊ីវិលភាគច្រើនត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងទ័ពអាម៉េរិក និងអាហ្វហ្កានីស្ថាន ប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៩។ បើគិតក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិកតែម្នាក់ឯង បានផ្ដាច់ជីវិតជនស៊ីវិល៣៦៣នាក់ ក្នុងនោះមានកុមាររហូតដល់ទៅ៨៩នាក់។
យ៉ាងណាមិញ សហរដ្ឋអាម៉េរិក មិនបានទទួលស្គាល់របាយការណ៍របស់អង្គការសហប្រជាជាតិនោះទេ ដោយអះអាងថា ខ្លួនតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយយោធាអាហ្វហ្កានីស្ថាន ដើម្បីបញ្ជៀសហានិភ័យ និងគ្រោះថ្នាក់ដល់ជនស៊ីវិល។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនបានផ្ដល់តួលេខជនស៊ីវិល ដែលបានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនឡើយ៕ធ.ដ



